(ម៉ាឌ្រីដ)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid របស់អេស្ប៉ាញនៃលីគកំពូល La Liga ក្នុងនោះ គ្រប់សមាជិកថ្នាក់ដឹកនាំ និងកីឡាករទាំងអស់បានព្រមព្រៀងកាត់ប្រាក់ខែប្រមាណ ១០ទៅ២០ភាគរយក្នុងឆ្នាំនេះ នៅអំឡុងកំពុងជួបវិបត្តិវីរុស COVID-19។

សម្រាប់បញ្ហាវិរុសឆ្លង COVID-19 បានធ្វើឲ្យលីគបាល់ទាត់អេស្ប៉ាញ ត្រូវផ្អាកការប្រកួតដោយមិនមានពេលវេលាច្បាស់លាស់តាំងពីខែមីនា ខណៈការសម្រេចកាត់ប្រាក់ខែពី ១០ទៅ២០ភាគរយរបស់ក្រុម Real Madrid ខាងលើនេះគឺធ្វើឡើងចំពោះតែកីឡាករ និងសមាជិកថ្នាក់ដឹកនាំ គ្រូបង្វឹក តែវិធានការនេះមិនប៉ះពាល់ដល់សមាជិកថ្នាក់ក្រោមនោះទេ គ្រាដែលក្រុមបាល់បោះ ក៏បានយល់ព្រមតាមវិធានការនេះដែរ។

វិធានការនេះក្រុម Real Madrid បានលើកឡើងថា «នេះជាការរួមចំណែកជួយទប់លំនឹងហិរញ្ញវត្ថុក្លិបដែលបានធ្លាក់ចុះក្នុងវិបត្តិ COVID-19 ដោយសារពុំមានការប្រកួត ដែលអាចប៉ះពាល់ដល់ទីផ្សារពាណិជកម្មរបស់ក្លិបយ៉ាងធំ»