(ក្រុងឡុងដ៍)៖ ក្លិបអង់គ្លេស តោខៀវ Chelsea បានកំពុងជួបពិភាក្សាដើម្បីទិញកីឡាករខ្សែបម្រើប្រយុទ្ធប្រេស៊ីល Philippe Coutinho មកកាន់ទឹកដី Stamford Bridge ដែលក្លិប FC Barcelona របស់អេស្ប៉ាញទាមទារ ៩០លានអឺរ៉ូ ដែលឲ្យ Bayern Munich ខ្ចីជើងនារដូវកាលនេះ។

Coutinho ដែលមានវ័យទើបតែ ២៧ឆ្នាំ បានស្ថិតក្នុងរ៉ាដារបស់ Chelsea តាំងពីរដូវកាលមុនមកម្ល៉េះ នៅក្រោយពេល Eden Hazard ចាកចេញទៅលេងឲ្យក្លិបអធិរាជស Real Madrid ដោយសារតែក្លិបនេះ (Chelsea) ជាប់បម្រាមពីការទិញ-ដូរកីឡាករ ក្រោយរកឃើញល្មើសច្បាប់ហិរញ្ញវត្ថុនៃ FIFA។

យ៉ាងណាក៏ដោយ Chelsea ស្ថិតក្រោមការដឹកនាំរបស់ Frank Lampard នៅតែមានសុទិដ្ឋិនិយមក្នុងការនាំយក Coutinho ទៅកាន់ទឹកដីអង់គ្លេសវិញទៅតាមសំណើ ៩០អឺរ៉ូពី Barcelona តិចជាងកាលទិញពីក្លិប Liverpool កាលឆ្នាំ២០១៨ ក្នុងតម្លៃ ១៦០លានអឺរ៉ូឯណោះ។

ករណីនេះ Chelsea នឹងក្លាយជាគូប្រជែងនាំមុខគេ ក្នុងចំណោមក្លិបលេងនៅ Premier League ដូចគ្នារួមមាន Manchester United, Tottenham Hotspur, Everton និង Leicester City ដែលសុទ្ធសឹងតែចង់បាន Philippe Coutinho ដូចគ្នា។ នេះបើយោងតាម Sport.es៕