(ប៉ារ៉ាហ្គាយ)៖ ទាំងលោក Ronaldinho និងបងប្រុសរបស់គេ Roberto Assis ត្រូវបានដោះលែងពីពន្ធនាគារនៃ ប្រទេសប៉ារ៉ាហ្គាយហើយ ដោយបន្តឃុំនៅក្នុងផ្ទះ រង់ចាំកាត់ក្តីជាបន្តទៀតនាពេលដ៏ខ្លីខាងមុខនេះ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា បុរសវ័យ ៤០ឆ្នាំ និងបងប្រុសរបស់គេត្រូវបានតុលាការនៃប្រទេស ស្ថិតនៅតំបន់អាមេរិកឡាទីន ប៉ារ៉ាហ្គាយសម្រេចដោះលែងពីពន្ធនាគារនាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីបង់ប្រាក់ ៨០០,០០០ដុល្លារក្នុងម្នាក់ដើម្បីនៅក្រៅឃុំ ជុំវិញទោសកំហុសដែលបានប្រើលិខិតឆ្លងដែនក្លែងក្លាយនៅប្រទេសប៉ារ៉ាហ្គាយ ដែលត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ មក។

Ronaldinho និងបងប្រុសរបស់គេនៅតែបដិសេធថាមិនបានល្មើសច្បាប់នោះដដែល នៅអំឡុងពេលពួកគេមកទីនេះ (ប៉ារ៉ាហ្គាយ) ដើម្បីធ្វើការផ្សព្វផ្សាយពីសៀវភៅរបស់គេដែលនិយាយពីជីវិតរបស់ក្មេងៗ។

នៅចាំបានថា Ronaldinho ជាអតីតកីឡាករខ្សែប្រយុទ្ធ ១រូបដែលបានជួយឲ្យក្រុមជម្រើសជាតិសាំបាប្រេស៊ីល ឈ្នះជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 2002 នៅជប៉ុន និងកូរ៉េខាងត្បូង និងត្រូវបានបោះឆ្នោតជាប់ជា Fifpro របស់ FIFA នៅឆ្នាំ២០០៥ និងឆ្នាំ២០០៦ ហើយក៏ធ្លាប់ឈ្នះពាន Ballon d’ Or បានម្តងដែរកាលឆ្នាំ២០០៥ មុនពេលប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាផ្លូវការកាលឆ្នាំ២០១៥ ពីក្លិបក្នុងស្រុក Fluminense៕