(ភ្នំពេញ)៖ បន្ទាប់ពីបានចេញវីដេអូកាលពីពេលកន្លងមក ដើម្បីដាស់តឿនដល់បងប្អូន ដែលទើបត្រឡប់ពីក្រៅប្រទេសមកជួបគ្រួសារវិញ ឲ្យនៅដាច់ដោយឡែកពី គ្រួសាររយៈពេល១៤ថ្ងៃ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសមាគមន៍ កុំឲ្យមានកូវីដ១៩, ពេលនេះពិធីករល្បីឈ្មោះ លោក ជា វណ្ណារិទ្ធ បានបន្តចេញវីដេអូបន្តទៀត ដែលលើកនេះគឺផ្តោតសំខាន់លើការឃុំខ្លួនឯងរយៈពេល១៤ថ្ងៃ ដើម្បីឲ្យប្រាដកថា គ្មានកូវីដ១៩។

ការបញ្ចេញវីដេអូជាបន្តបន្ទាប់ពីសំណាក់ លោក ជា វណ្ណារិទ្ធ ពេលនេះ គឺជាការចូលរួមផ្សព្វផ្សាយពីវិធានការការពារខ្លួន តាមរយៈយកចិត្តទុកដាក់ ធ្វើអនាម័យជាប្រចាំ និងកុំធ្វេសប្រហែលឲ្យសោះ ទោះក្នុងពេលវេលាណាក៏ដោយ ដើម្បីជៀសវាងពីកូវីដ១៩។ តាមរយៈវីដេអូនេះ លោកក៏បានសម្តែងនូវការសប្បាយរីករាយ នៅពេលដែលប្រទេសកម្ពុជាយើង មានចំនួនអ្នកជាសះស្បើយពីកូវីដ១៩បន្តបន្ទាប់។ ជាពិសេស ក្រុមគ្រូពេទ្យរបស់កម្ពុជា មានការយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺ និងមានការតាំងចិត្តខ្ពស់ ក្នុងការប្រយុទ្ធជាមួយកូវីដ១៩។

ទោះបែបនេះក្តី​ លោក ជា វណ្ណារិទ្ធ នៅតែបន្តអំពាវនាវ និងផ្សព្វផ្សាយឲ្យបងប្អូនខ្មែរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ ចំពោះជំងឺឆ្លងកូវីដ១៩នេះ។ តាមរយៈការថែរក្សាអនាម័យជាប្រចាំ និងកុំចេញក្រៅផ្ទះ ពេលមិនមានការចាំបាច់។ មិនតែប៉ុណ្ណោះ លោកបានសំណូមពរដល់បងប្អូនខ្មែរ នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ កុំឲ្យមានការជួបជុំគ្នាច្រើន ដើម្បីការពារពីកូវីដ១៩៕