(ភ្នំពេញ)៖ ទាក់ទងទៅនឹងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ក្នុងរដូវកាលឆ្នាំ២០២០ នេះ ខ្សែប្រយុទ្ធ កែវ សុខផេង ទើបតែរកបាន ១គ្រាប់ប៉ុណ្ណោះឱ្យក្លឹបបាល់ទាត់វិសាខា ពោលគឺរូបគេហាក់ពិបាកក្នុងការរកគ្រាប់បាល់តែម្តង។

គួរដឹងដែរថា អតីតកីឡាករក្លឹបម៉ាឡេស៊ី PKNP បានថ្លែងថា «ការរកគ្រាប់សម្រាប់ខ្ញុំមិនសំខាន់ទេ សំខាន់ឱ្យក្រុមឈ្នះបាន ៣ពិន្ទុ គឺខ្ញុំសប្បាយចិត្តហើយ។ អ្នកណាទាត់ចូលក៏បាន អ្នកណាក៏បាន អ្នកចាំទីស៊ុតចូលក៏បាន ឱ្យតែទាត់ចូលខ្ញុំសប្បាយចិត្ត ហើយទទួលបាន ៣ពិន្ទុសម្រាប់ក្លឹប»

សម្រាប់ការរកគ្រាប់បាល់មិនបានច្រើននេះដែរ កីឡាករមានដើមកំណើតមកពីខេត្តក្រចេះបានពន្យល់ថា ដោយសារតែតំបន់ប្រយុទ្ធលេងមិនសូវត្រូវគ្នា ដ្បិតកីឡាករមកថ្មីច្រើន ជាហេតុត្រូវការពេលវេលាច្រើនដើម្បីយល់ចិត្តគ្នា។

អ្វីដែលសំខាន់ផងនោះ សុខផេង មិនផ្ដោតសំខាន់លើការរកគ្រាប់បាល់ម្នាក់ឯងឡើយ ដោយលើកឡើងអ្នកទាត់ចូលក៏ដោយមិនសំខាន់ អ្វីដែលសំខាន់គឺក្រុមឈ្នះ។

សូមបញ្ជាក់ថា ឆ្លងកាត់ ៥ប្រកួតកន្លងមកនេះ ឈ្នះ៣ដង និងចាញ់ ២ដង ខណៈលេខ១ បានលើភ្នំពេញក្រោន និងលេង២ ព្រះខ័នរាជស្វាយរៀង។ កែវ សុខផេង រកបានតែ ១គ្រាប់ប៉ុណ្ណោះឱ្យវិសាខា និងបានឈរនៅចំណាត់ថ្នាក់លេខទី៣ បណ្ដោះអាសន្នក្នុងតារាងមាន៩ពិន្ទុ៕