(ញូវយ៉ក)៖ យោងតាមការចេញផ្សាយដោយ The Sun នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា សង្វៀនប្រដាល់ក្នុងទ្រុងកម្រិតពិភពលោក UFC 249 នៅពេលនេះត្រូវបានប្រធានគ្រប់គ្រង លោក Dana White បានសម្រេចលុបចោលការប្រកួតដែលគ្រោងធ្វើឡើងនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដែលមកពីវិបត្តិវីរុស COVID-19។

ក្នុងការសម្រេចលុបការប្រកួតកម្រិតពិភពលោក UFC 249 នេះ បានធ្វើឡើងក្រោយមានការស្នើសុំពីសំណាក់ក្រុមហ៊ុនពាក់ព័ន្ធ Disney និង ESPN បានដាក់សំណើទៅកាន់លោក Dana White ឲ្យបញ្ឈប់រាល់ការប្រកួត ក្រោយពេលអ្នកប្រយុទ្ធលំដាប់កំពូល Khabib Nurmagomedov បានជួបបញ្ហា ដោយសារតែមិនអាចចាកចេញពីប្រទេសរុស្ស៊ីបាន ខណៈកីឡាការិនី Rose Namajunas បានប្រកាសដកខ្លួន ក្រោយពេលសមាជិកក្នុងគ្រួសារ ២នាក់ បានស្លាប់ដោយវីរុសឆ្លង COVID-19 នេះ។

កាលពីសប្តាហ៍មុន លោក Dana White ក៏បានមានគម្រោងលើកការប្រកួតដោយសម្ងាត់នៅកន្លែងមួយ ដែលមានទីតាំងនៅលើកោះដែលមានឈ្មោះថា Fight Island ក្នុងគោលបំណងទប់ស្កាត់ ចំពោះអ្នកគាំទ្រក្នុងការធានាសុខសុវត្ថិភាពដល់ក្រុមកីឡាករប្រយុទ្ធទាំងអស់ ប៉ុន្តែផែនការនេះត្រូវលុបចោល៕