(នីហ្សេរីយ៉ា)៖ ក្រុមកីឡាការិនីបាល់ទាត់នៃប្រទេសនីហ្សេរីយ៉ា បានចេញមកធ្វើបាតុកម្មនៅមុខវិមានរដ្ឋាភិបាលនេះ ជុំវិញាការមិនទាន់ប្រាក់ពលកម្មរហូតដល់ទៅ ១០ខែ នៅក្រោយពេលពុំមានការប្រកួតណាមួយ ដោយសារវិបត្តិជំងឺ COVID-19។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ៣ភាគ៤ នៃក្រុមកីឡាការិនីនៃប្រទេសស្ថិតនៅទ្វីបអាហ្រ្វិកមួយនេះ ក្នុងនោះក៏មានកីឡាការិនីមកពីក្លិប Pelican Stars ផងនោះ បានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខអគាររដ្ឋាភិបាល ដើម្បីឲ្យជួយដោះស្រាយនៅពេលដែលក្លិបរបស់ពួកគេ ប្រកាសមិនបើកខែឲ្យដែលមានរយៈពេល ១០ខែឯណោះ នៅអំឡុង COVID-19។

ការប្តឹតតវ៉ានេះត្រូវបានធ្វើឡើងមានរយៈពេល ២ថ្ងៃមកហើយគឺនៅថ្ងៃចន្ទ និងថ្ងៃពុធសប្តាហ៍នេះ ដោយក្នុងនោះដែរក៏មានកីឡាករមកពីក្លិបផ្សេងៗទៀតចូលរួមផងដែរ។

គួររំលឹកផងថា ក្រុមបាល់ទាត់ស្រ្តីនីហ្សេរីយ៉ា ក៏បានប្រមូលផ្តុំគ្នាតវ៉ាម្តងរួចមកហើយ ដោយសាររដ្ឋាភិបាលមិនបានបើកប្រាក់ខែ ក៏ដូចជាប្រាក់ឧបត្ថម្ភផងដែរ កាលពីពួកគេខំលេងរហូតឡើងដល់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់បាល់ទាត់ស្រ្តីពិភពលោក ឆ្នាំ២០១៩ នៅប្រទេសបានទម្លាក់ក្រុមខ្លាំងអាល្លឺម៉ង់ផងដែរ៕