(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមេសានេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់កីឡាករ-កីឡាការិនីជយលាភីចំនួន ៤ប្រភេទកីឡារួមមានកីឡាតេក្វាន់ដូ ITF កីឡាប៉េតង់ កីឡាសូហ្វតិន្នីស និងកីឡាអត្តពលកម្មជនពិការ ដែលបានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិ និងដណ្ដើមបានមេដាយកាលពីឆ្នាំ២០១៩ ដោយប្រាក់រង្វាន់សរុបចំនួន ៦១៨,៨០០,០០០រៀល។

ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ បានធ្វើឡើងក្រោមវត្តមានលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជយលាភី ក្រោមការអនុវត្ដនូវវិធានការមួយចំនួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ទៀតផង។

ចំពោះសមិទ្ធផល និងប្រាក់រង្វាន់ត្រូវបានប្រគល់ខាងលើ រួមមានកីឡាតេក្វាន់ដូ ITF ចូលរួមប្រកួតជើងឯកពិភពលោក ផ្នែកយុវជន លើកទី១៤ និងក្រុមជម្រើសជាតិ លើកទី២១ នៅប្រទេសប៊ុលហ្គារី ដណ្ដើមបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១ ទទួលបានប្រាក់រង្វាន់ ២៣២,០០០,០០០រៀល។ ឯកីឡាប៉េតង់ ប្រកួតជើងឯកពិភពលោកយុវជន និងស្ដ្រី លើកទី១៧ នៅរាជធានីភ្នំពេញ ដណ្ដើមបានមេដាយមាស១ និងសំរឹទ្ធ១ ទទួលបានប្រាក់រង្វាន់សរុប ១០៦,០០០,០០០រៀល។

ដោយឡែកកីឡាសូហ្វតិន្និស ចូលរួមប្រកួតជើងឯកសកលវិទ្យាល័យអាស៊ី លើកទី១ នៅហ្វីលីពីន ដណ្ដើមបានមេដាយសំរឹទ្ធ១ ទទួលបានប្រាក់រង្វាន់សរុប ៣៧,៤០០,០០០រៀល ហើយកីឡាសូហ្វតិន្និសដដែល ចូលរួមប្រកួតជើងឯកយុវជនអាស៊ី លើកទី១ នៅហ្វីលីពីន ឈ្នះមេដាយសំរឹទ្ធ២ ទទួលបានប្រាក់រង្វាន់សរុប ៥៩,៤០០,០០០រៀល។

ចុងក្រោយអត្តពលិកកីឡាអត្តពលកម្ម ចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក នៅចិន ឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ២ ទទួលបានប្រាក់រង្វាន់សរុប ១៨៤,៧០០,០០០រៀល៕