(ភ្នំពេញ)៖ ទីបំផុតតារាសម្ដែង និងជាពិធីករកំពុងមានប្រជាប្រិយភាព លោក ញ៉ែម សុគន្ធ ទទួលបានសមាជិកថ្មី ក្រោយភរិយា​ជាទីស្រឡាញ់របស់លោក សម្រាលបានកូនប្រុសដំបូង ប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អទាំងម្ដាយ និងទារក។

ជាការពិតណាស់ ក្រោយទន្ទឹងរង់ចាំអស់រយៈពេលជាង៩ខែ ពេលនេះតារាសម្ដែងលោក ញ៉ែម សុគន្ធ បានឃើញមុខកូនប្រុសដំបូងរបស់ខ្លួន ដែលភរិយាលោកទើបនឹងសម្រាលកាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកូនប្រុសរបស់លោក មានមុខមាត់គួរឲ្យក្នាញ់ ជាពិសេសនោះគឺមានសុខភាពល្អផងដែរ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងនៅឡើយនោះទេថា លោក ញ៉ែម សុគន្ធ និងភរិយា ដាក់ឈ្មោះឲ្យកូនប្រុសរបស់ខ្លួន ថាឈ្មោះអ្វីនោះទេ។

ជាមួយនឹងដំណឹងល្អនេះ អ្នកគាំទ្រ និងមិត្តរួមអាជីពបានជូនពរជាបន្តបន្ទាប់ តាមរយៈសារ Comment ឲ្យភរិយារបស់លោក ញ៉ែម សុគន្ធ និងកូនប្រុសដែលទើបនឹងសម្រាលទទួលបានសុខភាពល្អ ក៏ដូចជាចូលរួមអបអរសាទរដល់ក្រុមគ្រួសារ ពិសេសគឺតារាសម្ដែង និងជាពិធីករលោក ញ៉ែម សុគន្ធ ផ្ទាល់ ដែលទទួលបានកាដូរ ដ៏ធំដែលជាកូនប្រុសដំបូង ក្រោយលោក និងភរិយា បានរៀបអាពាហ៍ពិពាហ៍បានជាង២ឆ្នាំ៕