(ភ្នំពេញ)៖ ផលិតករទឹកភ្នែក និងបទស៊ីអារម្មណ៍ជាច្រើន ជាពិសេស​បទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» លោក ប៊ុន រតនា និងបងប្រុស ប៊ុន វុត្ថា ថៅកែ​អេសអូតូ​ បានធ្វើកម្មវិធី​ចែក​អំណោយ ជាអង្ករ អាល់កុល និង ម៉ាស់ និងប្រាក់១០០០០រៀលដល់ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី​២ រាជធានីភ្នំពេញ ​អំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩។ ពិធីចែករំលែកនូវអង្ករ អាល់កុល និងម៉ាស់ នេះធ្វើឡើងនៅឃ្លាំង​រថយន្ត S-Auto របស់លោកស្ថិតនៅបណ្តោយផ្លូវ ៥៩៨ ដោយមានការចូលរួមពីសំណាក់ លោកចៅសង្កាត់ទួលសង្កែទី​២ ផងដែរ។​

ផលិតករដ៏សំបូរបទពិសោធ ជាពិសេស​បទចម្រៀង «ពុកខ្ញុំជាពិសេស​ចរាចរណ៍» និងបងប្រុស ប៊ុន វុត្ថា ​បានលើកឡើងថា នេះមិនមែនជាលើកទី​១ទេ ដែលពួកលោកបានចែករំលែក នូវសកម្មភាពសប្បុរស​ធម៌ឡើង ជូនប្រជាពលរដ្ឋ ក្នុងអំឡុងកូវីដ​១៩ នេះ ដោយកាលពីប៉ុន្មានថ្ងៃនេះ បានធ្វើឡើងនៅ ទឹកដីខេត្តបាត់ដំបង ដោយចែកជូន​អង្ករ ដល់ប្រជាពលរដ្ឋចំនួន​១៦០គ្រួសារ ដោយមួយគ្រួសារ​ទទួលបាន អង្ករ ២៥គីឡូក្រាម​។ កម្មវិធីលើទឹកដីបាត់ដំបងនេះ ជាការចូលរួមចំណែកជាមួយលោក ឧកញ៉ាបណ្ឌិត យូ សាម៉េត​។​ លោកបានបន្តថា កន្លងទៅក៏បានចែកជូនធុងទឹកអំពៅ ដល់​គ្រួសារ​មួយ​ ដើម្បីជួយសម្រួលជីវភាពរបស់ពួកគាត់ និងសកម្មភាពជាច្រើនទៀត។

ពីរនាក់បងប្អូន ដែលប្រឡូកក្នុងវិស័យសិល្បៈឡើងចាស់វស្សា និងវិវត្តន៍ខ្លួនមួយដំណាក់កាលថែមទៀត ចូលក្នុងអាជីពអ្នករកស៊ីលក់រថយន្តដ៏ជោគជ័យ បានបន្តថា «ពួកខ្ញុំ​សប្បាយចិត្ត ខ្លាំងណាស់ ដែលបានចូលរួមរំលែកនូវសកម្មភាពសប្បុរសធម៌ ខណៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ វាមិនច្រើនទេ សម្រាប់ការចែកអង្ករ ដោយមួយគ្រួសារទទួលបាន​១០គីឡូក្រាម អាល់កុល១ដប និង​ម៉ាស់ចំនួន​២ ឲ្យក្រុមគ្រួសារចំនួន ២០០គ្រួសារ ប៉ុន្តែបើយើងក្រឡេកទៅវិញ ពេលដែលគេអត់យើង​ឲ្យ​វាពិតជា​ធ្វើឲ្យពួកគាត់សប្បាយរីករាយ​។ ​ថ្វីបើអំណោយនេះ​តិចតួច ប្រើបានរយៈពេលខ្លី តែវាក៏ជួយសម្រួល ការខ្វះខាត របស់ពួកគាត់មួយរយៈតូចផងដែរ​»។​​

លោក ប៊ុន រតនា បានលើកឡើងថា លោកនឹងបន្តជួយទៅទៀត ទៅតាមលទ្ធភាពរបស់លោក ហើយក៏ថ្លែងអំណរគុណទៅកាន់អតិថិជន S-Auto ទាំងអស់ ដែលបានគាំទ្រមកលើឃ្លាំង លក់រថយន្តរបស់លោក ហើយក៏ជាចំណែកនៃការចូលរួមសប្បុរសធម៌ លើកនេះផងដែ​រ៕