(ភ្នំពេញ)៖ ពិធីបុណ្យចូលឆ្នាំ ជាប្រពៃណីជាតិយើង តែងតែធ្វើជារៀងរាល់ឆ្នាំ នៅក្នុងខែចេត្រ ព្រោះខែនេះ គឺជាពេលវេលាមួយ ដែលប្រជាកសិករខ្មែរ ប្រមូលផលស្រូវរួចរាល់ និងមានពេលទំនេរ មានឱកាស ដើម្បីធ្វើបុណ្យទានតាមធនធានដែលខ្លួនមាន។ ឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ្រឹស្ដសករាជ ២០២០នេះ បានចូលមកដល់នៅថ្ងៃច័ន្ទ ៦រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២០ វេលាម៉ោង ៨៖៤៨យប់។ យ៉ាងណាមិញ មហាជនខ្មែរ សម្តែងនូវការចាប់អារម្មណ៍ជាខ្លាំង ទៅលើសម្រស់ដ៏សោភារបស់តួអង្គដែលសម្តែងជាទេវតាឆ្នាំថ្មី គឺ កញ្ញា គីង វិច្ឆិកា ដែលសម្តែងជាតួព្រះនាងគោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ថាពិតជាមានភាពស្រស់សោភាយ៉ាងខ្លាំងស័ក្តិសមជានារីខ្មែរ ជាមួយនឹងទឹកមុខញញឹមស្រស់តែម្តង។

ជាការពិត កញ្ញា គីង វិច្ឆិកា ដែលសម្តែងជាតួអង្គទេវតាឆ្នាំថ្មី មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត ជានារីខ្មែរនោះទេ ថែមទាំងមានទេពកោសល្យសិល្បៈ រាងខ្ពស់ស្រឡះ ពោរពេញទៅដោយភាពទាក់ទាញ ពេលដើរបង្ហាញម៉ូតលើឆាក ជាពិសេសពេលសម្តែងជាតួអង្គទេវតាឆ្នាំថ្មីនេះតែម្តង។ កញ្ញា គីង វិច្ឆិកា ត្រូវបានគេដឹងថាបច្ចុប្បន្នជា និស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យ អប់រំសិល្បៈ មនុស្សសាស្ត្រ របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់លេខ ១ ក្នុងកម្មវិធី «ធីតាឯកសង្រ្គាន្តឆ្នាំ២០២០»។

នៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គម កញ្ញា គីង វិច្ឆិកា បានជូនពរដល់បងប្អូនខ្មែរយ៉ាងដូច្នេះថា «ទេវតាឆ្នាំថ្មី ព្រះនាងគោរាគទេវ ក្នុងនាងខ្ញុំជាតួទេវតាឆ្នាំថ្មី ព្រះនាងគោរាគទេវវី សូមជូនពរពុកម៉ែបងប្អូនជួបតែសេចចក្តីសុខ រកសុីមានបាន ត្រជាក់ត្រជុំ សុខដុមរមនា»