(ភ្នំពេញ)៖ លោក សាល បាទី គឺជាតារាចម្រៀងប្រុសពន្លកថ្មីមួយរូប ដែលមានទឹកដមសំនៀងពិរោះរណ្តំ។ ជាពិសេសតាមរយៈការច្រៀង Cover បទ «នោអើយស្រីនោ» ដែលជាចង្វាក់ពេញនិយមសម្រាប់រដូវកាលចូលឆ្នាំខ្មែរ, លោកសាល បាទី ហាក់ត្រូវបានទស្សនិកជនចាប់អារម្មណ៍ច្រើន។ ជាក់ស្តែង ងាកមកប្រវត្តិជីវិតរបស់តារាប្រុសរូបនេះវិញ តើមានអាថ៌កំបាំងអ្វីខ្លះ? តើការប្រឡូកក្នុងសិល្បៈរបស់តារាប្រុសរូបនេះ តាំងពីដើមមកទល់នឹងបច្ចុប្បន្ន មានឧបសគ្គ អ្វីខ្លះ?

ពិតណាស់ តារាចម្រៀងប្រុសរូបសង្ហារ លោកសាល បាទី ត្រូវបានអ្នកតាមដានសិល្បៈសង្កេតឃើញថា កំពុងមានប្រជាប្រិយភាព និងត្រូវបានទស្សនិកជនជាច្រើនគាំទ្រ និយមស្តាប់ចម្រៀងរបស់លោក។ ចាប់តាំងពីដើមឆ្នាំ២០១៩មក លោកសាល បាទី ចាប់ផ្តើមលេចមុខមាត់ច្រើន ជាមួយការងារសិល្បៈពិសេសការឡើងច្រៀងស្ទើគ្រប់ស្ថានីយទូរទស្សន៍ក្នុងស្រុក។

ដោយឡែកបើនិយាយពីប្រវត្តិជីវិតរបស់តារាប្រុសរូបនេះវិញ គឺបានឆ្លងការភាពជូរចត់ជាច្រើន ពោលបានធ្វើជាអ្នករត់តុក្នុងហាងនានាដើម្បីចិញ្ចឹមជីវិត។ សាល បាទី បានព្យាយាមវិវឌ្ឍន៍ខ្លួន និងស្វែងរកឱកាស​ក្លាយជាអ្នកសិល្បៈ ដែលមានគេស្គាល់ច្រើនមកទល់បច្ចុប្បន្ន។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងអាថ៌កំបាំងជីវិតផ្សេងទៀត ដែលទស្សនិកជនមិនទាន់បានជ្រាប លោកសាល បាទី⁣ នឹងមកបកស្រាយតាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។កម្មវិធីនេះនឹង ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕