(ញូវយ៉ក)៖ យុទ្ធនាការប្រកួតបាល់ទាត់ផ្នែកបុរស ដើម្បីដណ្តើមពានរង្វាន់មិត្តភាពអន្តរជាតិ 2020 International Champions Cup ត្រូវបានសម្រេចលុបចោលជាលើកដំបូង ដោយសារពិភពលោកទាំងមូលបានកំពុងជួបវិបត្តិជំងឺផ្លូវដង្ហើម COVID-19 នៅមិនទាន់ធូរស្បើយនៅឡើយ។

នេះជាការអាក់ខានរៀបចំលើកដំបូង ក្រោយព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ រវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិក និងក្រោយមកមានចូលរួមពីចិន អូស្រ្តាលី និងមិចសិច រួមទាំងសមាជិនៅអឺរ៉ុប ដោយសារតែបញ្ហាជំងឺ COVID-19 នៅពុំទាន់ធូរស្បើយនៅឡើយ ជាពិសេសនៅបារាំង អេស្ប៉ាញ និងសហរដ្ឋអាមេរិកជាដើម។

ជាធម្មតា ICC តែងតែចាប់ផ្តើមប្រកួតនៅចន្លោះខែកក្កដា និងបញ្ចប់ទៅវិញនាដើមខែសីហា ពោលគឺនៅក្រោយពេលលីគប្រចាំប្រទេសនីមួយៗបិទបញ្ចប់ជារៀងរាល់ឆ្នាំ។

ព្រឹត្តិការណ៍នេះ តែងតែមានក្លិបលំដាប់កំពូលៗនៅអឺរ៉ុបចូលរួមមានដូចជា FC Barcelona, Real Madrid, Bayern Munich, Liverpool, Manchester City និងក្លិប Paris Saint-Germain ជាដើម គ្រាដែល Real Madrid របស់អេស្ប៉ាញធ្លាប់លើកពាន ICC បានចំនួន ៣ដងច្រើនជាងគេ៕