(លីវើភូល)៖ យោងតាមការចេញផ្សាយដោយ The Sun នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool បានកំពុងតែមានការចាប់អារម្មណ៍ទៅកាន់ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe គ្រាដែល Real Madrid របស់អេស្ប៉ាញវិញ បានកំពុងតែត្រៀមធ្វើការចរចាតម្លៃប្រមាណ ១៥០លានផោនក្នុងការនាំយកខ្សែប្រយុទ្ធ Sadio Mane នៅទីផ្សារដោះដូររដូវក្តៅខាងមុខ។

ក្រុមខ្លាំងអង់គ្លេស Liverpool បានកំពុងតែសម្លឹងមើលការផ្លាស់ប្តូរដ៏ធំមួយរវាងខ្សែប្រយុទ្ធឆ្នើម Sadio Mane និង Kylian Mbappe ដែលពួកគេទាំងពីរមានតម្លៃផ្ទេរខុសគ្នាច្រើនគួរសម ខណៈលោក Zindane បានកំពុងតែមានការចាប់អារម្មណ៍ និងរកជម្រើសចុះកិច្ចសន្យាទៅលើខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane មានទម្រង់លេងយ៉ាងល្អនៅ Anfield ជាមួយប្រាក់ប្រចាំសប្តាហ៍ប្រមាណ ១៥០,០០០ផោន និងផុតកិច្ចសន្យានៅឆ្នាំ២០២៣។

ក្នុងនោះដែរ បើសិនណា Liverpool អាចទទួលបាន ១៥០លានផោនពីការផ្ទេរខ្សែប្រយុទ្ធ Sadio Mane ទៅកាន់ LaLiga មែននោះ មានន័យថា ហង្សក្រហមអាចចំណាយ ១០០លានផោនបន្ថែមទៀត ក្នុងការនាំយកខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Mbappe របស់ក្លិប PSG ដែលមានតម្លៃជិត ២០០លានផោនមកកាន់កីឡដ្ឋាន Anfield វិញ៕