(ភ្នំពេញ)៖ ឪពុក-ម្ដាយ និងអាណាព្យាបាលរបស់កីឡាករ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានសម្ដែងការគាំទ្រ និងសប្បាយចិត្ត ក្រោយកូនៗរបស់ខ្លួន បន្ដប្រមូលផ្ដុំហ្វឹកហាត់ធម្មតា។ នេះបើតាមការបញ្ជាក់របស់យុវជន ជូ ស៊ិនទិ កីឡាករក្រុម U-18 បាទី ដែលជាសមាជិកក្រុមក្នុងក្របខណ្ឌលីគកំពូលកម្ពុជា។

ជូ ស៊ិនទិ បានបញ្ជាក់ថា ការបន្ដហ្វឹកហាត់នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ គឺមានសុវត្ថិភាព ជាងការសម្រាកនៅផ្ទះ ដោយសារនៅឆ្ងាយពីទីប្រជុំជន គួបផ្សំទាំងការយកចិត្តទុកដាក់មើលថែរបស់ថ្នាក់ដឹកនាំ ទាំងសុខភាពរស់នៅ និងការហូបចុកប្រចាំថ្ងៃ ដោយផ្ដោតលើអនាម័យជាចម្បង ដើម្បីទប់ស្កាត់ជំងឺផ្លូវដង្ហើម Covid-19។

សមាជិកក្រុមជម្រើសជាតិយុវជនកម្ពុជាដដែលថា ដោយហេតុនេះ ទើបធ្វើឲ្យឪពុក-ម្ដាយរបស់កីឡាករម្នាក់ៗមានភាពកក់ក្ដៅ និងគាំទ្រឲ្យកូនៗរបស់ខ្លួន ហ្វឹកហាត់នៅទីនោះ។ ស៊ិនទិ និយាយថា «សម្រាប់ម៉ាក់ខ្ញុំវិញ មានតែគាំទ្រឲ្យខ្ញុំហាត់នៅទីនេះ ព្រោះនៅទីនេះ អាចមានសុវត្ថិភាពច្រើនជាង ព្រោះនៅទីនេះ អត់មានអ្នកចេញចូលតាមចិត្ត តែបើនៅឆ្នាំ យើងអាចដើរទៅនេះទៅនោះអញ្ចឹង...»

គួរបញ្ជាក់ថា ក្រោយក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាកការប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ ក៏ដូចជាការប្រកួតជាច្រើន សហព័ន្ធ និងកីឡាជាច្រើន ក៏បានសម្រាកហ្វឹកហាត់ដែរ នៅឡើយតែក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ដែលបន្ដហ្វឹកហាត់ធម្មតា ក្រោមការធានាសុវត្ថិភាព អនាម័យ និងមិនអនុញ្ញាតឲ្យពួកគេទៅទីប្រជុំជន បើគ្មានការចាំបាច់ ឬអនុញ្ញាតឲ្យជនណាម្នាក់ ចូលក្នុងបរិវេណទីលានបាទីឡើយ៕