(ភ្នំពេញ)៖ ស្របពេលដែលការរីករាលដាលជាសកលនៃ វីរុសកូវីដ១៩ កំពុងបង្កជាក្ដីព្រួយបារម្ភដល់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទូទាំងប្រទេស​ ក្នុងនោះដើម្បីជៀសវាងពីការឆ្លងនៃជំងឺដ៏កាចសាហាវមួយនេះ សិល្បករ សិល្បការិនី មន្ត្រីគ្រប់ស្ថាប័ន នៅតែបន្តចូលរួមបរិច្ចាគជាធនធាន ជាពិសេសនោះ គឺបញ្ចេញវីដេអូ ចែករំលែកពីវិធីការពារ មួយចំនួន ជៀសវាងការឆ្លងនៃជំងឺនេះ​។

ជាក់ស្ដែង ថ្មីៗនេះ មានចម្រៀងមួយបទទៀតហើយ ដែលមានចំណងជើងថា «ម៉ាឌីហ្សុន កូវីដ១៩» បកស្រាយដោយលោកវេជ្ជបណ្ឌិត សុខ ចិត្ត មានអត្ថន័យបង្ហាញពីវិធី​ការពារ របស់គ្រូពេទ្យ ក៏ដូចជារួមគ្នាចូលរួមទប់ស្កាត់ កូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ជាការពិត បទថ្មី​បានបញ្ចេញឡើងដោយតារាចម្រៀង លោក សុខ ចិត្ត មានចំណងជើងថា «ម៉ាឌីហ្សុន កូវីដ១៩» ជាចង្វាក់ម៉ាឌីហ្សុន ពិតជាបានចែករំលែក​នូវការការពារជាច្រើន ដើម្បីជៀសវាងពីការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩។ ក្នុងអត្ថន័យនៃបទចម្រៀង គឺផ្ដោតសំខាន់ ទៅលើការថែរក្សាសុខភាព និងអនាម័យជាចាំបាច់តែម្ដង យើងត្រូវមានការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាងដៃឲ្យញឹកញាប់ជាមួយអាល់កុល ពេលជួបគ្នាត្រូវលើកដៃសំពះ ជៀសវាង​ការចាប់ដៃគ្នា​។

ជាមួយគ្នានេះ «ម៉ាឌីហ្សុន កូវីដ១៩» ក៏បានរៀបរាប់ពី ទឹកចិត្ត និងការលះបង់របស់ក្រុមគ្រូពេទ្យកម្ពុជា ក្នុងការស្វះស្វែងព្យាបាល អ្នកដែលមានផ្ទុកវីរុសកូវីដ១៩ ឲ្យបានជាសះស្បើយយ៉ាងច្រើនផងដែរ៕