(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានក្រសោបពានទាំងពីរ ពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា គឺពានគ្រូបង្វឹកល្អ ដែលដឹកនាំដោយលោក Conor Nestor និងពានកីឡាករល្អបានទៅខ្សែការពារ សារ៉េត គ្រីយ៉ា។

គួរដឹងថា កាលពីខែកុម្ភៈ ពានទាំងពីរត្រូវបានគ្រប់គ្រងដោយគ្រូបង្វឹក និងកីឡាករភ្នំពេញក្រោន តែនៅខែបន្ទាប់ ពាននេះ បានធ្លាក់មកគ្រូបង្វឹក និងកីឡាករ ព្រះខ័នរាជស្វាយរៀងវិញ ដ្បិតក្រុមទាំងពីរ គឺជាក្រុមខ្លាំង ដែលមិនទាន់ស្គាល់ចាញ់ដូចគ្នា។

សម្រាប់ខែមីនា មុនទទួលបានពានគ្រូបង្វឹកល្អ លោក Conor Nestor បានដឹកនាំក្រុម ៣ប្រកួត ដោយឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ២-០ មុនប្រកួតស្មើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ០-០ និងចុងក្រោយបានយកឈ្នះក្រុមភ្ញៀវអគ្គិសនីកម្ពុជា ៣-០ ក្នុងដី។

ចំណែកខ្សែការពារ សារ៉េត គ្រីយ៉ា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារសំណាញ់ទីជាមួយមិត្តរួមក្រុមមិនឲ្យរបូតគ្រាប់បាល់ឡយ ។ ហេតុនេះហើយ ទើបគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សម្រេចជ្រើសរើសរូបគេជាកីឡាករល្អប្រចាំខែមីនា ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្នស្វាយរៀង កំពុងឈរលេខ២ ក្រោយដំណើរការប្រកួតបាន ៥សប្ដាហ៍ ជាមួយលទ្ធផលឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុ ស្មើអតីតក្រុមជើងឯក ៦សម័យកាល ភ្នំពេញក្រោន មុនលីគសម្រាក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺផ្លូវដង្ហើមថ្មីកូវីដ១៩ (Covid-19)៕