(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករខ្សែបម្រើ Marouane Fellaini ត្រូវបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យរួចហើយ ក្រោយពីធ្វើការសម្រាកព្យាបាលវីរុសឆ្លង COVID-19 អស់រយៈពេលជាច្រើនសប្តាហ៍ ដែលបច្ចុប្បន្នខ្សែបម្រើរូបនេះ បានកំពុងប្រកបអាជីពនៃលីគកំពូលចិន។

អតីតខ្សែបម្រើ Manchester United និង Everton វ័យ ៣២ឆ្នាំ សញ្ជាតិប៊ែលហ្ស៊ិក Marouane Fellaini ត្រូវបានសម្រាកព្យាបាលអស់រយៈពេល ៣សប្តាហ៍នៅទឹកដីចិន ក្រោយពីរូបគេធ្វើតេស្តវិជ្ជមាន COVID-19 កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ហើយក្រោយពីបានជាសះស្បើយហើយនោះ Fellaini ក៏បានបង្ហាញអារម្មណ៍នៅលើបណ្តាញសង្គម Instagram ដោយបានសរសេរថា «ពេលនេះលោកពិតជាអរគុណជាខ្លាំង​ចេញពីបេះដូងទៅកាន់បុគ្គលិកពេទ្យ ដែលបានមើលថែរូបគេ និងអរគុណដល់ក្រុមការងារក្លិបផងដែរ ដែលបានយកចិត្តទុកដាក់តាមដានពីសុខភាពរបស់គេ»

គួរបញ្ជាក់ផងថា Fellaini បច្ចុប្បន្នកំពុងលេងឲ្យក្រុម Shandong Luneng បានចំនួន ២២ប្រកួត និងរកបាន ៨គ្រាប់ក្នុងលីគកំពូល China-Super League ក្រោយផ្ទេរចេញពីក្លិបអង់គ្លេស Manchester United ក្នុងឆ្នាំ២០១៩ ដែលជាអតីតកីឡាករក្រុម Everton ដែលបានចំណាយពេលអស់ ១១ឆ្នាំនៅលីគអឺរ៉ុប៕