(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Newcastle United ជិតរកម្ចាស់ថ្មីបានហើយ គឺលោកស្រី Amanda Staveley ដែលជាម្ចាស់ភាគហ៊ុនមកពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានតម្លៃប្រមាណ ៣០០លានផោនពីសំណាក់ប្រធានចាស់លោក Mike Ashley ដែលបានកាន់កាប់ចាប់តាំងពីឆ្នាំ២០០៧ មក។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កិច្ចព្រមព្រៀងដែលមានរហូតដល់ទៅ ៣១ទំព័រ នឹងត្រូវចុះហត្ថលេខា នាពេលឆាប់ៗនេះ បន្ទាប់ពីម្ចាស់បច្ចុប្បន្នលោក Ashley ធ្លាប់ចង់លក់ម្តងរួចមកហើយកាលពីឆ្នាំ២០១៧ បន្ទាប់ពីរូបលោកទើបកាន់បាន ១០ឆ្នាំ ក្នុងតម្លៃ ៣៤០លានផោនឯណោះ។

សម្រាប់លោកស្រី Staveley ក៏ធ្លាប់បរាជ័យក្នុងការទិញភាគហ៊ុនតែ ១០% នៃក្លិប Newcastle United ម្តងមកដែរកាលឆ្នាំ២០១៨។

បច្ចុប្បន្ន ក្លិបសារិកាព្រៃ Newcastle United បានកំពុងតែឈរនៅលេខរៀងទី១៣ ជាបណ្តោះអាសន្នក្នុង Premier League រដូវកាលឆ្នាំ២០១៩-២០២០ នេះ ក្រោយឆ្លងកាត់ ២៩ប្រកួត មុនផ្អាកប្រកួត ដោយសារជួបវិបត្តិ COVID-19 ទូទាំងសកលលោក៕