(សៀមរាប)៖ ខ្លោងទ្វារទន្លេអុំ ដែលមានចម្ងាពីក្រុងសៀមរាបប្រហែល ៨គមប៉ុណ្ណោះ នៅពេលអ្នកធ្វើដំណើរមកដល់អង្គរវត្ដ ហើយអ្នកបន្ដដំណើរមកទិសខាងជើងទៀតប្រហែល ៤គម នោះអ្នកនឹងឃើញមានស្ពានថ្មឆ្លងកាត់ទក្សិណចូលទៅអង្គរធំហើយ ដោយសងខាងអមទៅដោយទេវតា និងយក្សទាញនាគ។

ទន្លេអុំ គឺជាគូទឹកនៅត្រង់ចំណុចខ្លោងទ្វាមួយ ក្នុងចំណោមខ្លោងទ្វារទាំងប្រាំនៃប្រាសាទអង្គធំ(ខ្លោងទ្វារទន្លេអុំ)។ ខ្លោងទ្វារនេះគឺជាខ្លោងទ្វារខាងត្បូង ដែលជាខ្លោងទ្វារមានភាពមមាញឹកជាងគេ ដែលអាចឱ្យមនុស្សម្នាគ្រប់ស្រទាប់វណ្ណៈ ទាំងវណ្ណៈក្សត្រ នាយម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្រ្ដសាមញ្ញ ដែលអាចចេញចូលបានគ្រប់ពេលវេលា ចាប់ពីព្រលឹមរហូតដល់ព្រលប់ថ្ងៃអស្ដង្គត ក្នុង​គោលបំណងកិច្ចការដ្ឋបាល រកស៊ីជួញដូរ និងសាសនាជាដើម។

គូទឹកទាំងពីរអបសងខាងផ្លូវចូលទៅក្នុងតាមខ្លោងទ្វារនេះ គឺសម្រាប់គេប្រារព្ធពិធីបុណ្យអុំទូកនាសម័យដើម(សម័យបុរាណ) ដើម្បីធ្វើការ​រម្លឹកអំពីចម្បាំងឈ្មះកងទ័ពជើងទឹកចាម ក្នុងរជកាលព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧ ទើបគេហៅខ្លោងទ្វារនេះថា ខ្លោងទ្វារទន្លេអុំ​រហូតមកដល់សព្វថ្ងៃនេះ។ ខ្លោងទ្វារនេះមានស្ពានថ្មឆ្លងកាត់គូទឹ(ទន្លេអុំ) ដែលសងខាងផ្លូវអមទៅដោយរូបចម្លាក់ទេវតា និងយក្ស ដែលកំពុងតែទាញនាគ ដោយទេវតានៅខាងឆ្វេងដៃ(ខាងលិច) និងយក្សនៅខាងស្ដាំដៃនៃផ្លូវចូល(ខាងកើត) ដែលម្ខាងៗមាន៥៤អង្គ។

សព្វថ្ងៃនេះអាជ្ញាធរជាតិអប្សរា បានដាក់ដំណើរការចរាចរណ៍ឯកទិសនៅខ្លោងទ្វារទន្លេអុំ តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ មកម្ល៉េះ (លើកលែងតែថ្មើរជើង និងកង់តែប៉ុណ្ណោះ) ដោយអនុញ្ញាតចរាចរណ៍ចូល និងគ្មានចរាចរណ៍ចេញចាប់ពីម៉ោង ០៧:៣០ នាទី ដល់ម៉ោង ១១និង៣០នាទីព្រឹក (សជណ លេខ១២៣/១៦រប.សជណ ស្ដីពីការអនុវត្ដចរាចរណ៍ឯកទិសនៅខ្លោងទ្វាទន្លេអុំ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ របស់អាជ្ញាធរជាតិអប្សរា)៕(អត្ថបទ​អូរអក្ខរា)