(ភ្នំពេញ)៖ អតីតគ្រូបង្វឹកនៃក្លិបបាល់ទាត់វេស្ទើន បានបង្ហាញចំណាប់អារម្មណ៍ពីការដឹកនាំក្រុមលេងនៅលីគកំពូលកម្ពុជា ប្រសិនបើ​មានសំណើសមស្របណាមួយកើតឡើង។

គួរដឹងថា រយៈពេល ១រដូវកាលនៅកម្ពុជា គ្រូឧទ្ទេសប្រចាំសហព័ន្ធបាល់ទាត់ម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា ទទួលបាន​បទពិសោធន៍ថ្មីៗពីការប្រកួតប្រជែង និងបរិយាកាសបាល់ទាត់នៅទីនេះ។ លោកបានសម្លឹងឃើញយុវជនល្អៗច្រើន ដែលត្រូវការការប្រកួតប្រជែងបង្ហាញសមត្ថភាព។

លោក Abdul Razak បានរៀបរាប់ថា «ប្រសិនបើមានការទាក់ទងណាមួយសមស្រប ខ្ញុំនឹងពិចារណា។ វាជារឿងដ៏រីករាយ ប្រសិនបើបាន​ធ្វើការនៅទីនោះម្ដងទៀត។ ខ្ញុំមានអនុស្សាវរីយ៍ល្អៗច្រើន ជាពិសេសខ្ញុំសប្បាយចិត្ត និងមានមោទនភាព​ដែលបានរួមចំណែកជួយបណ្ដុះបណ្ដាលយុវជន»

គ្រូបង្វឹកជនជាតិម៉ាឡេស៊ីខាងលើនេះនៅតែមានអារម្មណ៍នឹករឭកដល់រឿងរ៉ាវល្អៗពីមុន ជាពិសេសមានមោទនភាពដែលបានរួមចំណែក​បណ្ដុះបណ្ដាល សាបព្រួសធនធានកីឡាករក្មេងៗលើទឹកដីនៃព្រះរាជាណាចក្រមួយនេះ ដែលបច្ចុប្បន្ន លោក Razak បានកំពុងដឹកនាំក្លឹប DRB HiCOM FC លេងនៅលីគកំពូលម៉ាឡេស៊ី៕