(ភ្នំពេញ)៖ មហាជនប្រហែលមិនបាននឹកគិតដល់ទេថា នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួប៤ឆ្នាំ នៃការបាត់បង់ជីវិត របស់កវីនិពន្ធដ៏ល្បីល្បាញ ដែលគេឲ្យរហស្សនាមថា «កវីនិពន្ធម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន» ខណៈដែលលោកបានទទួលមរណភាព កាលពីឆ្នាំ២០១៦ នៅក្នុងប្រទេសណ័រវេ ហើយត្រូវបានភរិយា និងកូននាំយកអដ្ឋិធាតុ មកកាន់ប្រទេសកំណើតរបស់ខ្លួន ដោយបានតម្កល់ទុក នៅក្នុងក្រុងបាត់ដំបង ទឹកដីខេត្តបាត់ដំបង។

យោងតាមគណនីហ្វេសប៊ុក របស់លោក មុត ថារី ដែលត្រូវបានគេស្គាល់ថា ជាអ្នកដឹកនាំរឿងដ៏ល្បី បានសរសេរសាររំឭក នៅក្នុងថ្ងៃគម្រប់ខួប៤ឆ្នាំ នៃការបាត់បង់ជីវិតរបស់កវីនិពន្ធ ម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ថា «១៧ មេសា ២០១៦ មកដល់ ១៧ មេសា ២០២០នេះ មានរយៈពេល​៤​ឆ្នាំហើយ ដែលកវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន បានឃ្លាតចាកចេញពីភរិយា កូនស្រីប្រុស និងចៅៗ ដោយមិនវិលវិញ ជារៀងរហូត..រូបកាយលោកឃ្លាតពិត តែ​លោកបានបន្សល់នូវកេរ្តិ៍មរតកជាសិល្បៈ ស្ទើរតែគ្រប់ទម្រង់ច្រើនណាស់ សំរាប់កូនខ្មែរ...»

ជាមួយនឹងសាររំឭកនេះ លោក មុត ថារី ក៏បានភ្ជាប់ជាមួយនឹងរូបភាព​ បង្ហាញពី​ក្រុមគ្រួសាររបស់កវីនិពន្ធម្ចាស់ស្ទឹងសង្កែលោក គង្គ ប៊ុនឈឿន បានរៀបចំជាចង្ហាន់​ និងស្លាដក់​យកទៅវត្ត ដើម្បីប្រគេនព្រះសង្ឃ ក្នុងន័យឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធ លោក គង្គ ប៊ុន ដែលបានចែកឋានទៅអស់រយៈពេល៤ឆ្នាំ ខណៈដែលថ្ងៃនេះ គឺជាថ្ងៃគម្រប់ខួបមរណភាពរបស់លោក​។

យ៉ាងណាមិញ ខួប៤ឆ្នាំនៃការបាត់បង់ជីវិតរបស់ របស់កវីនិពន្ធ ម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន មិនមានការរៀបចំធំដុំ និងមានវត្តមានសិល្បករ-សិល្បការនី ចូលរួមច្រើនដូចឆ្នាំមុនៗ ដោយសារតែបញ្ហានៃជំងឺកូវីដ១៩ កំពុងរាតត្បាត ទើបមិនមានការជួបជុំ។

លោក គង្គ ប៊ុនឈឿន គឺជាកវីនិពន្ធមួយរូប ​មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលបានតាក់តែងនិពន្ធឡើង នូវបទចម្រៀងមរតកដើមជាច្រើនបទ ដែលសុទ្ធសឹងតែជាបទចម្រៀងល្បីៗ និងមានការគាំទ្រខ្លាំង រហូតធ្វើឲ្យមានតារាចម្រៀងជំនាន់ក្រោយ យកបទចម្រៀងរបស់លោកមក Cover ឡើងវិញ ដើម្បីថែរក្សា និងលើកស្ទួយនូវបទចម្រៀងមរតកដើម កុំឲ្យបាត់បង់ទៅ។

គួរបញ្ជាក់ថា លោក គង្គ ប៊ុនឈឿន ជាអ្នកសសេរការសែត អ្នកនិពន្ធប្រលោមលោក ពាក្យរាយ កំណាព្យ ចម្រៀង សេណារិយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង អ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះ និងជាអ្នកគូរគំនូរអប់រំម្នាក់ផងដែរ។ នៅឆ្នាំ២០០០ លោកជាអ្នកនិពន្ធជនជាតិខ្មែរទី២ បន្ចាប់ពីលោក ពេជ្រ ជុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ធក្របខណ្ឌអាស៊ាន។ លោក គង្គ ប៊ុនឈឿន ជាកវីខ្មែរដ៏ល្បីល្បាញជំនាន់មុន បានទទួលមរណភាព​​ នៅម៉ោង៧៖២០នាទី ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦​ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងប្រទេសណ័រវេស។

ក្រោយលោក គង្គ ប៊ុនឈឿន ទទួលមរណភាព ក្រុមគ្រួសាររបស់លោកបានសម្រេចសាងសង់​រូបសំណាក់របស់លោក ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ គោរពបូជា រហូតមកដល់សព្វថ្ងៃ៕