(បរទេស)៖ អ្នកលេងឧបករណ៍តន្រ្តី Saxophone ដ៏ល្បីល្បាញរបស់អាមេរិក គឺលោក Lee Konitz បានទទួលមរណភាពក្នុងវ័យ៩២ឆ្នាំ ដោយសារតែ​ភាពស្មុគស្មាញជាច្រើន បង្កឡើងដោយកូវីដ១៩។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន The New York Times នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

បើតាម Linda Konitz ដែលជាក្មួយស្រីរបស់តារាជើងចាស់រូបនេះ បានឲ្យដឹងថា លោក Lee Konitz បានទទួលមរណភាព នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ (ម៉ោងនៅអាមេរិក) ក្នុងអាយុ ៩២ឆ្នាំ។ ការស្លាប់របស់តន្ត្រីករ Lee Konitz គឺមានមូលហេតុស្មុគស្មាញជាច្រើន ដោយកូវីដ១៩។ ជាមួយគ្នា​នេះលោកក៏ត្រូវបានរកឃើញថា មានជំងឺរលាកសួត ដែលបង្កឡើងដោយវីរុសកូរ៉ូណាផងដែរ។

លោក Lee Konitz គឺជាតន្ត្រីករដ៏លេចធ្លោរម្នាក់ និងស្ទាត់ជំនាញយ៉ាងខ្លាំងក្នុងការលេងឧបករណ៍ Saxophone ដំបូងគេបង្អស់ ជាពិសេសលោកទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគ្រប់ទិសទី តាមរយៈស្ទិលសម្តែងយ៉ាងទាក់ទាញ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យរបស់លោក។ តែយ៉ាងណាការទទួលមរណភាពរបស់លោក បានធ្វើឲ្យមនុស្សជាច្រើនសោកស្តាយ ព្រោះនេះជាការបាត់បង់អ្នកមានស្នាដៃមួយរូបក្នុងពិភពតន្ត្រី៕