(បរទេស)៖ តារាចម្រៀងស្រីដ៏ល្បីរបស់អាមេរិក Taylor swift បានសម្រេចលុបចោលការសម្តែងទាំងអស់របស់ខ្លួន ក្នុងឆ្នាំ២០២០នេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងសាកលកូវីដ១៩។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Taylor Swift បានឲ្យដឹងបង្ហោះសារទៅកាន់អ្នកគាំទ្រយ៉ាងដូច្នេះថា «ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ដែលមិនបានជួបអ្នកទាំងអស់គ្នា សម្រាប់ការប្រគុំតន្ត្រី ក្នុងឆ្នាំ២០២០នេះ។ ប៉ុន្តែខ្ញុំដឹងថា នេះគឺជាជម្រើសដ៏ល្អបំផុត ក្នុងកាលៈទេសៈនេះ»

តារាស្រីរូបនេះ បន្ថែមថា «សូមមានសុខភាពល្អ និងសុវត្ថិភាពទាំងអស់គ្នា។ ខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅលើឆាក ឆាប់ៗ តាមដែលអាចធ្វើបាន ក្នុងពេលដែលសមស្របមួយ ប៉ុន្តែឥលូវនេះ អ្វីដែលសំខាន់បំផុតគឺការ ដាក់ខ្លួនឲ្យនៅដោយឡែក ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា»

មិនត្រឹមតែតារាចម្រៀង Taylor Swift ម្នាក់នោះទេ ដែលបានព្យាពេល និងលុបចោលការសម្តែងក្នុងឆ្នាំ២០២០នេះ គឺសិល្បករជាច្រើនបានលុបចោល និងពន្យាពេលការសម្តែងរបស់ពួកគេដូចគ្នា។ ក្នុងនោះដូចជា Justin Bieber, Niall Horan និង Bad Bunny ជាដើម។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកដែលជាមហាអំណាចលេខ ១ លើលោកនោះ កំពុងតែងគ្រោះធ្ងន់ធ្ងរជាងគេ ជាមួយករណីឆ្លងសរុបជាង ៧សែនករណី ក្នុងនោះស្លាប់ជាង ៣៧,០០០នាក់ តាមពីក្រោយប្រទេសអេស្ប៉ាញ អ៉ីតាលី បារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលសុទ្ធតែមានករណីឆ្លង ខ្ទង់រាប់សែននាក់ដូចគ្នា៕