(ភ្នំពេញ)៖ ខណៈពិភពលោកទាំងមូល រួមទាំងកម្ពុជាផងនោះ កំពុងតែប្រឹងប្រែងទប់ស្តាត់ ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ គេសង្កេតឃើញថា ទាំងស្ថាប័នពាក់ព័ន្ធ រួមជាសិល្បករជាច្រើន បានផលិតចម្រៀង និងវីដេអូអប់រំជាបន្តបន្ទាប់ ដើម្បីចូលរួមណែនាំ ឲ្យប្រជាជនមានការយល់ដឹងបន្ថែម ពីការការពារខ្លួនពីកូវីដ១៩។ ស្របពេលជាមួយគ្នានេះ តារាចម្រៀងប្រុសស្រី ចំនួន១៩រូប បានរួមគ្នាក្នុងចម្រៀងមួយបទ ក្រោមចំណងជើងថា «កម្ពុជារឹងមាំ» ពិតជាមានអត្ថន័យ និងកំពុងទទួលបានការពេញចិត្តជាខ្លាំងពីមហាជន។

ជាការកត់សម្គាល់ បទថ្មី «កម្ពុជារឹងមាំ» គឺត្រូវបានបញ្ចេញកាលពីពេលថ្មីៗនេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងប្រឹងប្រែង ក្នុងការទប់ស្កាត់ជំងឺឆ្លងសាកលកូវីដ១៩។ បទថ្មី ដែលច្រៀងដោយតារាប្រុសស្រី១៩រូបនៅពេលនេះ គឺពិតជាល្អយ៉ាងខ្លាំង ព្រោះមានការបញ្ចូលការលេងឧបករណ៍តន្ត្រីបូរាណខ្មែរ ជាមួយនឹងអត្ថន័យរួមគ្នាការពារ ប្រុងប្រយ័ត្នឲ្យបានខ្លាំងក្លា ចំពោះជំងឺកូវីដ១៩ តាមរយៈការលាងដៃស្អាតជាប្រចាំ ពាក់ម៉ាសឬក្រម៉ាការពារ និងការនៅក្នុងផ្ទះជាដើម។

បទនេះ គឺជាកំលាំងចិត្តមួយផ្នែកចំពោះក្រុមគ្រូពេទ្យកម្ពុជា ដែលបានលះបង់ និងតស៊ូប្រយុទ្ធដោយផ្ទាល់ជាមួយកូវីដ១៩។ ការរួមគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការប្រយុទ្ធជាមួយកូវីដ១៩ ក្រោមពាក្យថា «កម្ពុជារឹងមាំ»៕