(ភ្នំពេញ)៖​ ក្លិបព្រះខ័នរាជស្វាយរៀង ក្រោមកិច្ចសហការជាមួយអង្គការ Flame កាលពីចុងសប្ដាហ៍កន្លងទៅ បានឧបត្ថម្ភដល់គ្រួសារក្រីក្រចំនួន ៥៨គ្រួសារ ដែលជួបការលំបាក ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩(COVID-19) ។ កម្មវិធីសប្បុរសធម៌ខាងលើ ដឹកនាំដោយគ្រូបង្វឹកលោក Conor Nestor និងកីឡាករល្បីៗមួយចំនួនរបស់ក្រុមជើងឯកឆ្នាំចាស់នេះ ។

លោក Conor Nestor បានឲ្យដឹងថា កម្មវិធីសប្បុរសធម៌នេះ រៀបចំឡើងក្រោមការចង្អុលបង្ហាញរបស់លោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង ក្រោយទទួលបានដំណឹងពីអង្គការ Flame អំពីទុក្ខលំបាករបស់គ្រួសារខាងលើ ដោយរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ។ ចំពោះការឧបត្ថម្ភ រួមមានអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ។

ទន្ទឹមជាមួយគ្នា តំណាងអង្គការ Flame បន្ថែមថា ប្រជាពលរដ្ឋក្រីក្រទាំង ៥៨គ្រួសារ ដែលទទួលបានការឧបត្ថម្ភពីក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងខាងលើ សុទ្ធតែជាគ្រួសារក្រីក្រស្រាប់ តែដោយសារជំងឺកូវីដ១៩ បានធ្វើឲ្យពួកគេជួបការលំបាកកាន់តែខ្លាំង ។ ប្រជាពលរដ្ឋទាំងនោះ គឺមកពី ៥តំបន់ផ្សេងៗគ្នា រួមមានតំបន់បឹងត្របែក បឹងទំពុន ស្ទឹងមានជ័យ សែនសុខ និងច្បារអំពៅ៕