(ភ្នំពេញ)៖ បើនិយាយពីដំណើរជីវិត ការតស៊ូ ពុះពារការលំបាក មនុស្សគ្រប់រូបសុទ្ធតែបានឆ្លងកាត់ និងមានបទពិសោធន៍ជីវិតផ្សេងៗពីគ្នា។ ទោះមិនទាន់ជោគជ័យធំដុំ តែការអភិវឌ្ឈន៍ខ្លួន ទៅជាមនុស្សម្នាក់ថ្មី ដែលមានការងារសមរម្យ តាមអ្វីដែលខ្លួនស្រឡាញ់ គឺជារឿងសំខាន់មួយសម្រាប់មនុស្សគ្រប់រូប។ ជាក់ស្តែង លោកសាល បាទី​ ដែលជាតារាចម្រៀងប្រុស កំពុងមានប្រជាប្រិយភាពសព្វថ្ងៃ ក៏បានហែលឆ្លង ជួបរឿងរ៉ាវជីវិតមិនតិចនោះទេ ទំរាំបានក្លាយជាតារាចម្រៀង ដែលជាអាជីពលោកស្រឡាញ់។ ព្រោះពីដើមឡើយ លោកជាអ្នករត់តុ ដែលចូលចិត្តច្រៀងមួយរូបប៉ុណ្ណោះ។

ថ្មីៗនេះ លោកសាល បាទី ដែលមានឈ្មោះពិតហៅថា សួន សាល បានមកលាតត្រដាងនូវប្រវត្តិជីវិតតស៊ូ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។ ឆ្លើយតបនឹងការសាកសួររបស់ពិធីករ-ពិធីការិនី លោកសាល បាទី បានឲ្យដឹងថា បច្ចុប្បន្នលោកគឺជាតារាចម្រៀងម្នាក់ប្រចាំផលិតកម្ម Home Music។ ការច្រៀង គឺជាអាជីពមួយ ដែលលោកស្រឡាញ់ តាំងពីកុមារភាពមកម្ល៉េះ។ កាលមិនទាន់ចូលសិល្បៈ ជារើយៗលោកតែងតែច្រៀងជានិច្ច មិនថាពេលធ្វើការ ឬពេលទំនេរឡើយ រហូតពេលខ្លះត្រូវបានមនុស្សជុំវិញខ្លួនស្តីបន្តោសក៏មាន។

និយាយដល់ចំណុចនេះ លោក សាល បាទី ថាដំបូងឡើយ មុននឹងប្រឡូកក្នុងសិល្បៈដូចសព្វថ្ងៃ លោកបានធ្វើការនៅភោជ្ជនីយដ្ឋានមួយកន្លែង ដែលមានតួនាទីជាអ្នករត់តុ។ ដោយសារតែស្រឡាញ់ចម្រៀង ធ្វើជាអ្នករត់តុបណ្តើរ ច្រៀងបណ្តើរ ហើយមានពេលខ្លះច្រៀងឲ្យភ្ញៀវស្តាប់ក៏មាន។ ដោយមានទឹកដមសំឡេងក៏ត្រូវបាន ម្ចាស់ក្រុមហ៊ុនមួយចំនួនមើលឃើញ និងបើកផ្លូវឲ្យធ្វើជាតារាចម្រៀងក្នុងហាង និងរកលុយកាកបានខ្លះ គ្រាន់ចិញ្ចឹមជីវិត។

ក្រោយមក លោកក៏បានចូលរួមក្នុងកម្មវិធី ប្រឡងចម្រៀង របស់ស្ថានីយទូរទស្សន៍នានា។ ចាប់តាំងពីដើមឆ្នាំ២០១៩មក តារាចម្រៀងប្រុសស្រស់សង្ហា លោក សាល បាទី ចាប់ផ្តើមលេចមុខមាត់ច្រើនក្នុងការងារសិល្បៈ។ ពិសេស ត្រូវបានមហាជនឃើញវត្តមានឡើងច្រៀងស្ទើគ្រប់ស្ថានីយទូរទស្សន៍។ ដែលនេះជាផ្លូវមួយទៀត ធ្វើឲ្យលោកសាល បាទី អាចវិវឌ្ឈន៍ខ្លួន ចាប់យកអាជីពដែលខ្លួនស្រឡាញ់។

​ជាតារាចម្រៀង ដែលធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ ជាអ្នករត់តុក្នុងហាងនានាចិញ្ចឹមជីវិត សាល បាទី បានព្យាយាមវិវឌ្ឍន៍ខ្លួន និងស្វែងរកឱកាស​ក្លាយជាអ្នកសិល្បៈដែលមានគេស្គាល់ច្រើនរហូតមកទល់នឹងបច្ចុប្បន្ន និងមានទីផ្សារក្លាយជាតារាចម្រៀងពេញមុខពេញមាត់ មានទ្រនំផ្ទាល់ខ្លួនគឺ ផលិតកម្ម Home Music។ ខណៈថ្មីៗនេះ លោកត្រូវបានទស្សនិកជនស្គាល់ច្រើន តាមរយៈការច្រៀងបទ Cover គឺបទ «នោអើយ! ស្រីនោ» ដែលជាចង្វាក់ប្រពៃណីខ្មែរ៕