(ភ្នំពេញ)៖ ក្រុមវេជ្ជបណ្ឌិតវេជ្ជសាស្ត្រសម្ដេចតេជោ ហ៊ុន សែន ក្នុងនោះមានដូចជាលោកវេជ្ជបណ្ឌិត សុខ ចិត្ត និងលោកវេជ្ជបណ្ឌិត ជួន លាភ បានបន្តនិពន្ធ និងច្រៀងបទចម្រៀងបង្ហាញពីការអប់រំ និងវិធីសាស្ត្រក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដោយបានណែនាំដល់បងប្អូន ប្រជាពលរដ្ឋឲ្យមានការការពារខ្លួន ខណៈដែលក្រុមគ្រូពេទ្យបានខិតខំយ៉ាងខ្លាំង ក្នុងការចូលរួមទប់ស្កាត់។

ជាក់ស្ដែងនៅពេលនេះ លោកវេជ្ជបណ្ឌិត សុខ ចិត្ត និងលោកវេជ្ជបណ្ឌិត ជួន លាភ បាននិពន្ធ និងបកស្រាយបទចម្រៀងរួមគ្នាមួយបទ មានចំណងជើងថា «ខ្ញុំនៅពេទ្យដើម្បីអ្នក​​ សូមអ្នកនៅផ្ទះដើម្បីខ្ញុំ» ក្នុងន័យអប់រំ និងជាសារដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រយ័ត្នប្រយែងខ្ពស់ ការពារខ្លួនកុំឲ្យឆ្លងមេរោគកូវីដ១៩ ពោលដើម្បីរួមគ្នាក្នុងយុទ្ធនាការនេះ គឺគ្រាន់តែរស់នៅក្នុងផ្ទះកុំចេញទៅណា ហើយគ្រូពេទ្យក៏បន្តនៅក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលអ្នកដែលឆ្លងឲ្យជាសះស្បើយ។

បន្ថែមពីលើនេះ ក្នុងបទចម្រៀង ក៏បានអំពាវនាវឲ្យបងប្អូន រស់នៅក្នុងផ្ទះដោយក្ដីរីករាយ ជៀសវាងចេញទៅក្រៅ ដោយអាចប្រឈមនឹងការឆ្លងដល់សហគមន៍ ហើយក្រុមគ្រូពេទ្យ បានប្ដេជ្ញាចិត្តធ្វើការនៅក្នុងមន្ទីរពេទ្យ និងប្រយុទ្ធប្រឆាំង និងជំងឺនេះយ៉ាងអង់អាចក្លាហាន ព្រោះជាពេលវេលាមួយ ដែលប្រទេសជាតិត្រូវការ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀត បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៧នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ៕