(ភ្នំពេញ)៖ អ្នកចាំទី កែវ សុខសិលា បានបង្ហើបថា រយៈពេលមួយឆ្នាំចុងក្រោយនេះ កីឡាករ៣រូបដែលតែងតែបង្កការលំបាកដល់គេរាល់ពេលប៉ះគ្នា ដែលក្នុងនោះមាន ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា និង Privat Mbarga។

កែវ សុខសិលា បានរៀបរាប់ថា «បើ Privat គឺមានភាពស្និទ្ធស្នាលជាមួយបាល់។ គាត់ឆ្លាតពេលមួយទល់មួយ ហើយតែងតែសម្រុកទៅមុខ ហើយការបញ្ចប់ទីរបស់គាត់ក៏ច្បាស់។ អ៊ីចឹងពេលណាគាត់បានបាល់ គឺគ្រោះថ្នាក់»។ បើបងត្តមមិនខុសគ្នាប៉ុន្មានទេ ពេលគាត់មាន​បាល់គាត់ព្យាយាមទៅមុខ។ ការ free-kick និងការបញ្ចប់ទីរបស់គាត់ក៏ច្បាស់ដូចគ្នា អ៊ីចឹងទៅធ្វើឲ្យយើងពិបាក។ បើបងកាពេលណាមានបាល់ គាត់ច្បាស់ជាមួយបាល់ ហើយការបញ្ចប់ទីរបស់គាត់ក៏ច្បាស់។

អ្វីដែលសំខាន់ផងនោះ ប្រាក់ មុន្នីឧត្តម និងចាន់ វឌ្ឍនាកា របស់បឹងកេត ត្រូវបានអ្នកចាំទីវិសាខា កែវ សុខសិលា ពណ៌នាថា សុទ្ធតែមានការបញ្ចប់ទីច្បាស់ដូចគ្នា។ ចំណែកខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Privat មានភាពស្និទ្ធស្នាលខ្លាំងជាមួយបាល់ ហើយតែងតែសម្រុកទៅមុខ។

សិលា គេចាំបានទៀតថា កាលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៩ ចាន់ វឌ្ឍនាកា បានទាត់បញ្ចូលទី៣គ្រាប់ម្នាក់ឯងរំលងដៃកែវ សុខសិលា ក្នុងចំណោមជ័យជម្នះ៤ទល់នឹង០របស់បឹងកេត ទម្លាក់វិសាខា។

សូមបញ្ជាក់ផងដែរថា នៅរដូវកាល២០២០នេះ ក្លិបវិសាខារបស់កែវ សុខសិលា ទើបតែបានជួបបឹងកេតមួយប៉ុណ្ណោះកាលចុងខែកុម្ភៈកន្លងទៅ នៅឡើយតែព្រះខ័នរាជស្វាយរៀង។ កាលណោះ វិសាខាចាញ់ម្ចាស់ផ្ទះបឹងកេត១ទល់នឹង០ ទាត់បញ្ចូលទីដោយខ្សែប្រយុទ្ធអាហ្វ្រិកខាងត្បូង Mothusi Gopane៕