(បរទេស)៖ សិល្បករល្បីៗរបស់ពិភពលោកជាង១០០នាក់ បានរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំមួយ មានឈ្មោះថា «One World: Together At Home»។ នេះជាការប្រគុំតន្រ្តីដ៏អស្ចារ្យ មិនធ្លាប់មានពីមុនមក ព្រោះតារាទាំងអស់ ​បានបកស្រាយចម្រៀង យ៉ាងពិរោះពីផ្ទះរៀងៗខ្លួន ដើម្បីឲ្យមហាជនទូទាំងពិភពលោកបានទស្សនាកំសាន្តពីផ្ទះ ស្របពេលគ្រប់ប្រទេសកំពុងប្រឈមនឹងកូវីដ១៩។ កាន់តែពិសេស ព្រឹត្តិការណ៍នេះ រៃអង្គាសបានទឹកប្រាក់ជិត​ ១២៨ លានដុល្លារឯណោះ ដើម្បីជួយដល់ WHO។ នេះបើយោងតាមការដកស្រង់ ការចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទៅ២០ ខែមេសា ឆ្នាំ២០២០។

ការប្រគុំតន្រ្តី «One World: Together At Home» ត្រូវបានធ្វើឡើង កាលពីយប់ ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ ក្រោម គំនិតផ្តួចផ្តើមរបស់កំពូលតារាចម្រៀង Lady Gaga សហការណ៍ជាមួយអង្កការ Global Citizen និងអង្កការសុខភាពពិភពលោក។ Lady Gaga, Paul McCartney និង Billie Eilish គឺជាតារាចម្រៀង ក្នុងចំណោមតារាជាង១០០ នាក់ផ្សេងទៀត ដែលបានបង្ហើរសំនៀងចេញពីផ្ទះរៀងខ្លួនៗ ស្របពេលកំពុងតែដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងផ្ទះ ព្រោះតែជំងឺឆ្លងកូវីដ១៩។

ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ បានចំណាយពេលប្រមាណជាង ៨ម៉ោង ហើយមានការបកស្រាយដោយតារាចម្រៀង, ពិធីករ, អ្នកលេងព្យាណូល្បីៗច្រើនជាង១០០នាក់ ដូចជា៖ Jennifer Lopez, Keith Urban, Burna Boy, Luis Fonsi, Hozier, Stevie Wonder និង Talor Swift ព្រមទាំតារាល្បីៗជាច្រើនរូបនេះ។ បន្ថែមពីនេះ «One World: Together At Home» រៃអង្គាសបានទឹកប្រាក់ជិត ១២៨លានដុល្លារ ជួយដល់អង្កការសុខភាពពិភពលោក WHO ដើម្បីយកទៅចំណាយលើមេរោគកូវីដ១៩។

គួរជម្រាបថា ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីផ្ញើរសារទៅកាន់ពិភពលោកទាំងមូល ដែលកំពុងរងនូវវិបាត់ដ៏ធ្ងន់ធ្ងរបង្កឡើងដោយកូវីដនេះ ឲ្យភាពអំណត់អត់ធ្មត់ ការតាំងចិត្តឲ្យរឹងមាំ សាមគ្គី និងការជួយគ្នាទៅវិញទៅមក រវាងមនុស្សជាតិ ដើម្បីយកឈ្នះជំងឺឆ្លងក៏កាចសាហាវកូវីដ១៩នេះ៕