(ចិន)៖ លោក ហាន ធានឈី តារាវិទូជនជាតិចិនវ័យ ៩៨ ឆ្នាំមួយរូប បានជាសះស្បើយពីជម្ងឺកូវីដ១៩ ហើយនិងត្រូវបានចាកចេញពី​មន្ទីរពេទ្យកាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ពេលថ្មីៗកន្លងទៅ។

លោកហានត្រូវបានគេធ្វើរោគវិនិច្ឆ័យពិនិត្យឃើញមានផ្ទុកជម្ងឺកូវីដ១៩ នៅពាក់កណ្តាលខែកុម្ភៈ ដោយក្រោយមកត្រូវបានផ្ទេរទៅព្យាបាល ខណៈស្ថានភាពរបស់លោកមានការវិវឌ្ឍន៌ទៅកាន់តែឌ្រុដឌ្រោម។ នាង ហាន ស៊ូជីន ត្រូវជាចៅស្រីរបស់លោកបានឲ្យដឹងថា នាងបានធ្វើការស្វះស្វែងរកជំនួយតាមអ៊ីនធឺណេតពីអ្នកជំងឺ ដែលបានជាសះស្បើយពីជម្ងឺកូវីដ១៩ មួយចំនួន ដោយពួកគេមានធ្វើការស្ម័គ្រចិត្តមានបំណងចង់បរិច្ចាគឈាម ដើម្បីជួយព្យាបាលជម្ងឺរបស់លោក។

លោកតាបានបន្តប្រាប់ឲ្យដឹងថា សុខភាពរបស់លោកក្រោយចាកចេញពីមន្ទីរភាពមានភាពល្អប្រសើរឡើងវិញហើយ ក្រោយត្រូវបាននៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេលពីរខែមកនេះ លោកពិតជាមានភាពនឹករលឹកដល់ពួកគេយ៉ាងខ្លាំង។ លោកតា​ក៏ត្រូវបានគេឲ្យដឹងទៀតថា លោកគឺជាអ្នកវិទ្យាសាស្ត្រខាងផ្នែកភូមិសាស្ត្រ និងតារាសាស្ត្រដ៏ល្បីល្បាញម្នាក់នៅប្រទេសចិន និងជាស្ថាបត្យករស្ថាបនិកតារាសាស្ត្រម្នាក់នៅក្នុងប្រទេស៕