(សេអ៊ូល)៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រវិស័យ K-POP ខណៈតារាប្រុសសមាជិកក្រុម MONSTA X គឺលោក Kihyun បានបង្ហាញ​ទំនាក់ទំនងរបស់លោក ជាមួយកញ្ញា Bona ដែលជាសមាជិកក្រុម Cosmic Girls ជាផ្លូវការ បន្ទាប់ពីអ្នកទាំងពីរបានបិទបាំងទំនាក់ទំនង​អស់រយៈពេល៥ឆ្នាំ។ នេះយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន allkpop នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។

បើតាមអ្វីដែលអ្នកគាំទ្របានដឹង លោក Kihyun និងកញ្ញា Bona គឺជាតារាក្នុងផលិតកម្ម Starship Entertainment។ ទន្ទឹមគ្នានេះ Sports Chosun បានចុះផ្សាយថា ដំបូងឡើយតារាប្រុសស្រីទាំងពីរ គឺជាមិត្តជិតស្និតនឹងគ្នា តាំងពីពួកគេធ្វើការងារជាមួយគ្នាដំបូងមកម្ល៉េះ។ បន្ទាប់មក​ក៏ចាប់ផ្តើមស្វែងយល់ចិត្តគ្នាទៅវិញទៅមក អស់រយៈពេល៥ឆ្នាំមកហើយ បើគិតមកទល់នឹងពេលនេះ។

Kihyun និង Bona ត្រូវបានគេដឹងថា មានការប្រុងប្រយ័ត្នខ្ពស់បំផុត សម្រាប់ការណាត់ជួបរបស់ពួកគេ ដោយជ្រើសរើសកន្លែងស្ងប់ស្ងាត់​លក្ខណៈឯកជនដូចជានៅ Shinsa-dong ឬក៏ក្នុងរថយន្តរបស់ Kihyun។ Sports Chosun ក៏បានរាយការណ៍បន្ថែមថា ថ្មីៗនេះ អ្នកទាំងពីរបានទៅវិស្សមកាលជាមួយគ្នានៅកោះ Jeju រួមជាមួយនឹងមិត្តស្និតស្នាលរបស់ពួកគេមួយចំនួនផងដែរ៕