(ម៉ូនិច)៖ Bundesliga ដែលជាព្រឹត្តិការណ៍បាល់ទាត់លីគកំពូលរបស់ប្រទេសអាល្លឺម៉ង់ អាចនឹងចាប់ផ្តើមប្រកួតឡើងវិញដ៏លឿនបំផុតបំផុតនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ បន្ទាប់ពីត្រូវផ្អាកមួយរយៈដោយសារវីរុសឆ្លង COVID-19 នាពេលថ្មីៗនេះ។

តែយ៉ាងណា ការប្រកួតនេះអាចនឹងធ្វើឡើងដោយប្រកួតបិទទ្វារផងដែរ ដើម្បីបង្ការនៃការឆ្លងជំងឺ COVID-19 បើទោះបីជាប្រទេសស្ថិតនៅតំបន់អឺរ៉ុបមួយនេះថមថយបន្តិចហើយក្តី នេះបើយោងតាមលោក Christian Serifert ថ្លែងប្រាប់ព័ត៌មាន Goal។

ទន្ទឹមគ្នានោះដែរ CEO នៃលីគបាល់ទាត់អាល្លឺម៉ង់ DFL ក៏បានធ្វើការព្រមានគ្រប់ក្លិបត្រូវតែគោរពតាមបទបញ្ជា ក៏ដូចជាកំណត់ចំនួនមនុស្សចូលទស្សនាក្នុងទីលានផងដែរ នៅការប្រកួតផ្សេងៗត្រូវបានចាប់ផ្តើមឡើងវិញនោះ ដោយរូបលោកក៏បានធ្វើការគាំទ្រចំពោះការប្រកួតបិទទ្វារផងដែរ។

គួររំលឹកផងថា Bundesliga ត្រូវបានផ្អាកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មក ដោយសារវីបត្តិជំងឺ COVID-19 រីកសាយភាយទូទាំងសកលលោក ក្រោយដំណើរការប្រកួតបាន ២៥សប្តាហ៍ក្នុងចំណោម ១៨ក្រុមចូលរួមនារដូវកាលឆ្នាំ២០១៩-២០២០ ដោយមានក្រុមការពារតំណែងជើងឯក Bayern Munich បានកំពុងឈរនៅកំពូលតារាងដោយមាន ៥៥ពិន្ទុនាំមុខក្រុមលេខ២ Borussia Dortmund ដែលមានតែ ៥១ពិន្ទុ៕