(ភ្នំពេញ)៖ លោក Apisit Im-Amphai គ្រូបង្គោលក្លិបបឹងកេតបានដាក់ក្ដីរំពឹងថា កូនក្រុមខ្លួននឹងរក្សាកម្លាំង និងរាងកាយបានល្អអំឡុងពេលក្លិបសម្រាកការប្រមូលផ្ដុំហ្វឹកហាត់ ពិសេសក្នុងនាមកីឡាករអាជីព ត្រូវដឹងខ្លួនឯង តើត្រូវធ្វីអ្វីខ្លះក្នុងគ្រាពិភពលោកកំពុងជួបវិបត្តិជំងឺកូវីដ១៩ (Covid-19)។

គ្រូបង្វឹកជនជាតិថៃរូបនេះបានបន្ដថា អំឡុងពេលការប្រកួតត្រូវពន្យាពេល ហើយការហ្វឹកហាត់ត្រូវបានផ្អាក ក្លិបបានផ្ដល់នូវលំហាត់មួយចំនួន សម្រាប់កីឡាករហ្វឹកហាត់ ដោយ ១ថ្ងៃយ៉ាងហោចកីឡាករត្រូវហាត់ខ្លួនឯងឲ្យបាន១ម៉ោង ដើម្បីរក្សាកម្លាំង កាយសម្បទា និងរក្សាសុខភាព។

លោក Apisit Im-Amphai និយាយថា «យើងចង់ជំរុញទឹកចិត្តឱ្យកីឡាកររបស់យើងព្យាយាមហ្វឹកហាត់តាមអ្វី ដែលក្រុមបច្ចេកទេសបានរៀបចំឱ្យបានត្រឹមត្រូវ ដើម្បីអាចឱ្យកម្លាំង និងកាយសម្បទារបស់ពួកគេមានសភាពល្អ និងងាយស្រួលនៅពេលដែលយើងអាចត្រឡប់មកហ្វឹកហាត់ឡើងវិញ ដើម្បីត្រៀមការប្រកួត»

បន្ថែមលើនេះ លោកបានសង្កត់ធ្ងន់ថា «សូមកីឡាករទាំងអស់បំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងលក្ខខណ្ឌអាជីព ដោយត្រូវគិតថា តើខ្លួនឯងត្រូវធ្វើយ៉ាងណាខ្លះក្នុងពេលវេលានេះ បើទោះបីជាមិនមានការប្រកួត?»

សូមបញ្ជាក់ថា បឹងកេត គឺជាក្លិបដំបូងគេនៅកម្ពុជា ដែលប្រកាសកាត់ប្រាក់បៀវត្សកីឡាករ និងបុគ្គលិក ៥០% ដើម្បីរួមចំណែកទ្រទ្រង់ក្លិប ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ ដោយសារវិបត្តិកូវីដ១៩។ ទន្ទឹមជាមួយគ្នា អតីតក្លិបជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលនេះ ក៏បានប្រកាសផ្អាកប្រមូលផ្តុំហ្វឹកហាត់បណ្ដោះអាសន្ន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះផងដែរ៕