(ភ្នំពេញ)៖ តារាចម្រៀងល្បីលំដាប់ប្រទេស លោក ព្រាប សុវត្ថិ ​និងជានាយ​រង​ការិយាល័យ​ទី៥ នៃ​កងទ័ព​ជើង​គោក បានប្រកាស​បរិច្ចាគ​ប្រាក់​បៀវត្ស​ផ្ទាល់​ខ្លួន​ចំនួន​ ៤០​ម៉ឺន​រៀល រយៈ​ពេល​​៦​ខែ គឺ​គិត​ចាប់​ពី​ខែ​ឧសភា ដល់​ខែ​តុលា ឆ្នាំ​២០២០ ដល់​គណៈកម្មាធិការ​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។

តារា​ចម្រៀង​ជួរ​មុខ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស លោក ព្រាប សុវត្ថិ តែងតែទទួល​បាន​ការ​កោតសរសើរ និង​គោរព​ស្រឡាញ់​កាន់​តែ​ខ្លាំង​ពី​អ្នក​គាំទ្រ បន្ទាប់​ពី​លោក​បាន​បរិច្ចាគ​ផ្ទួន​ៗ​គ្នា នូវ​ថវិកា​ផ្ទាល់​ខ្លួន​ដល់សកម្មភាពមនុស្សធម៌។

តាម​រយៈ​សារ​បង្ហោះ ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ កាល​​ពីពេលថ្មីៗនេះ មាន​អ្នក​សិល្បៈ និង​អ្នក​គាំទ្រ​ជាច្រើន​ បាន​ Comment សរសើរ​​ថា លោក​ ព្រាប សុវត្ថិ មិនត្រឹម​តែ​មាន​សំឡេង​ពីរោះ និង​រូប​សម្បត្តិ​ស្អាតបាតនោះទេ លោកថែម​ទាំងមានទឹក​ចិត្ត​ល្អ​ទៀត ​​ដឹង​ពី​ទុក្ខ​លំបាក​របស់ជាតិ​ ក្នុង​គ្រា​ដែលប្រទេស​ កំពុង​គំរាមកំហែងដោយកូវីដ-១៩។

លោក​ ព្រាប សុវត្ថិ និយាយ​ថា ក្នុង​ស្មារតីចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ រូប​លោក និងគ្រួសារ ស្ម័គចិត្ដ​បរិច្ចាគ​ថវិកា​នេះ ដោយស្ម័គ្រចិត្ត និងជាផ្នែកមួយជួយប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាផងដែរ៕