(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលនេះមានការសម្រេចមួយរបស់សហព័ន្ធ UEFA អំពីការប្រកួតពានរង្វាន់បាល់ទាត់ផ្នែកស្រ្តីកម្រិតទ្វីបអឺរ៉ុប Women European Championship ទៅធ្វើឡើងនៅអំឡុងខែកក្កដា ឆ្នាំ២០២២ វិញ។

ការសម្រេចនេះដែរត្រូវបាន UEFA បង្ហាញកាលបរិច្ឆេទថា នឹងធ្វើការប្រកួតនៅចន្លោះពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដែលមានអង់គ្លេសធ្វើម្ចាស់ផ្ទះ ហើយនេះក៏ជាការសម្រេចមួយ ក្រោយពេលការប្រកួតផ្នែកបុរស Men’s European Championship និងការប្រកួតកីឡា Tokyo Olympic Games ត្រូវបានពន្យាពេលទៅឆ្នាំ២០២១ ដោយសារពិភពលោកទាំងមូលបានកំពុងជួបវិបត្តិជំងឺ COVID-19។

ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអង់គ្លេស ហូឡង់ និងស៊ុយអែត បានឆ្លងផុតនៃវគ្គជម្រុះ ដើម្បីទៅប្រកួតប្រជែងយកមេដាយនៅ Tokyo Olympic Games 2020 ដែលត្រូវបានលើកទៅប្រកួតឆ្នាំក្រោយ ស្របពេលកម្មវិធី Women’s Euros ជាន់ឆ្នាំគ្នាជាមួយនឹងព្រឹត្តិការណ៍ Commonwealth Games 2022 ដែលនឹងធ្វើឡើងនៅទីក្រុង Birmingham នៃប្រទេសអង់គ្លេសដូចគ្នាទៀត៕