(អាំស្ទើដាំ)៖ Eredivisie ដែលជាព្រឹត្តិការណ៍បាល់ទាត់លីគកំពូលហូឡង់ ទំនងជាបិទរដូវកាលត្រឹមនេះ ក្រោយរាជរដ្ឋាភិបាលនៃប្រទេសនៅទំបន់អឺរ៉ុបមួយនេះ បន្តដាក់បម្រាមពីការជួបជុំគ្នារហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ។

ភ្លាមៗនោះដែរ សហព័ន្ធកីឡាបាល់ទាត់ប្រចាំហូឡង់ក៏បានចេញសេចក្តីថ្លែងការណ៍ ជុំវិញការបន្តពន្យាប្រកួតទៀតដែរ ដើម្បីបញ្ចៀសពីការជួបជុំ ដែលអាចឈានដល់ការឆ្លងជំងឺ COVID-19 ស្របទៅតាមបទបញ្ជារបស់ប្រមុខរដ្ឋទៀតផង និងក៏កំពុងទន្ទឹងរង់ចាំពីការសម្រេចចុងក្រោយពី ថាតើ Eredivisie រដូវកាលឆ្នាំ២០១៩-២០២០ ត្រូវលុបចោលត្រឹមនេះ ឬក៏យ៉ាងណា។

កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ UEFA បានឲ្យដឹងថា លីគនៅអឺរ៉ុបខ្លះអាចនឹងត្រូវបានលុបចោលក្នុងករណីពិសេសណាមួយ ហើយក៏ដើម្បីកុំឲ្យប៉ះពាល់ដល់រដូវកាលក្រោយផងដែរ។

គួរបញ្ជាក់ផងថា ក្រុមការពារតំណែងជើងឯក Ajax បានកំពុងនាំមុខកំពូលតារាងបណ្តោះអាសន្ន ដោយឈ្នះគ្រាប់ស៊ុត ក្រុមលេខ២ AZ Almaar ក្រោយឆ្លងកាត់បាន ២៦ប្រកួតដូចគ្នា ក្នុងចំណោម ១៨ក្រុមដែលចូលរួម៕