(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង បានធ្វើការប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញហើយ បន្ទាប់ពីសម្រាកមួយរយៈ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមរបស់ក្លិប ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងកាលពីថ្មីៗ។

ប៉ុន្ដែទន្ទឹមនឹងការត្រឡប់ចូលជំរំហ្វឹកហាត់របស់ក្រុមឈរលេខ២ បណ្ដោះអាសន្ននេះ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា​នៅមិនទាន់ត្រឡប់មកវិញនោះទេ។ ចំណែកក្លិបផ្សេងៗ ក៏មិនទាន់ធ្វើការប្រមូលផ្ដុំដែរ ដោយបន្ដឲ្យកីឡាករសម្រាកនៅផ្ទះ និងធ្វើការហ្វឹកហាត់ដោយខ្លួនឯង តាមលំហាត់បច្ចេកទេសក្លិបដាក់ឲ្យ។

តាមការបង្ហើបរបស់កីឡាករស្វាយរៀង ជុំវិញការហ្វឹកហាត់ឡើងវិញនេះ ក៏មិនទាន់ពេញដៃពេញជើងដែរ គ្រាន់តែហ្វឹកហាត់លក្ខណៈបច្ចេកទេស និងបែងចែកជាក្រុមតូចៗហ្វឹកហាត់នៅឡើយ។ ការធ្វើបែបនេះ គឺដើម្បីធានាបាននូវគម្លាតសុវត្ថិភាព ដែលក្លិបយកចិត្តទុកដាក់ចំពោះកីឡាករ ក្នុងគ្រាវិបត្តិកូវីដ១៩ កំពុងរាតត្បាតជាសកល។

គួរបញ្ជាក់ថា មកទល់ពេលនេះ លីគកំពូលកម្ពុជា នៅមិនទាន់កំណត់កាលបរិច្ឆេទថ្មីនឹងត្រឡប់មកវិញនៅពេលណានោះទេ។ តែបើតាមព័ត៌មានក្រៅផ្លូវការមួយបានឲ្យដឹងថា បច្ចុប្បន្នគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បាននឹងកំពុងធ្វើការជជែកជាមួយបណ្ដាក្លិបសមាជិក ដើម្បីកំណត់ពេលវេលាជាក់លាក់ ក្នុងការចាប់ផ្ដើមការប្រកួតឡើងវិញ ស្របពេលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាចាប់ផ្ដើមធូរស្រាល៕