(ភ្នំពេញ)៖ សម្រាប់អ្នកគាំទ្រវិស័យតន្រ្តីក្នុងស្រុក ប្រាកដជាស្គាល់ក្រុមចម្រៀងបុរស «Mustache Band» ច្បាស់ហើយ។ ក្រុមនេះមានសមាជិក៥រូប ដែលម្នាក់ៗសុទ្ធសឹងតែមានសមត្ថភាព និងទេពកោសល្យសិល្បៈមួយបែបម្នាក់។ ការរួមគ្នាសាងស្នាដៃលើវិថីចម្រៀងរយៈពេល៣ឆ្នាំមកនេះ ក្រុម «Mustache Band» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមិត្តយុវវ័យ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះក្រុមទាំងមូល មានប្រជាប្រិយភាពត្រឹមរយៈពេលខ្លី។ យ៉ាងណាមិញ ពេលនេះស្រាប់តែ លោកចេន ដែលជាប្រធានក្រុម ប្រកាសពីការរំសាយ ធ្វើឲ្យអ្នកគាំទ្រសោកស្តាយយ៉ាងខ្លាំង។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោកចេន ជាប្រធានក្រុមបានបង្ហោះរូបភាពមួយសន្លឹក ភ្ជាប់ជាមួយនឹងសារថា « 21/04/2020.... អាយុកាល វង់ភ្លេងMustache ត្រូវបានបិទទំព័រ។ ខ្ញុំនៅតែបន្តរដំណើរទៅមុខម្នាក់ឯងទៀតទាំងអស់គ្នាកុំបារម្មណ៍ មិនបានឈប់សំរាកពីតន្ត្ត្រីឡើយ សូមអ្នកទាំងអស់គ្នាសប្បាយចិត្តណា នៅតែក្បែរកំដរអ្នកទាំងអស់គ្នាដូចដើម»

គ្រាន់តែលឺដំណឹងនេះភ្លាម មិនថាអ្នកគាំទ្រនោះទេ សូម្បីតែរៀមច្បងក្នុងវិស័យសិល្បៈក៏សឹងតែមិនជឿពីរឿងរំសាយក្រុមនេះដែរ។ ជាពិសេសលោក សូរិយា ដែលជារៀមច្បងរបស់ក្រុម «Mustache Band» បានបង្ហាញអារម្មណ៍ពិត តាមរយៈសំណេរយ៉ាងដូច្នេះថា «បងសុំផុសប្រាំរូបនេះ ដើម្បីអោយប្អូនៗក្រឡេកថយក្រោយបន្តិច ហើយបងចង់អោយប្អូនៗ ថយក្រោយម្នាក់ប្រាំជំហាន រួចសូមគិតពីជំហានទាំងនោះ​អោយបានម៉ត់ចត់។
១ ពេលចាប់ផ្តើមដំបូងបំផុត អ្វីទៅជាគំរោងការក៏ដូចជាមហិច្ឆតារបស់ក្រុម Mustache?
២ បានធ្វើការប្តេជ្ញាចិត្តជាមួយគ្នាយ៉ាងម៉េចខ្លះ?
៣ តើពេលជួបឧបសគ្គធំជាងគេដំបូងនៅក្នុងក្រុម តើបានធ្វើអីដើម្បីយកឈ្នះវា?
៤ ធ្លាប់ដែលសន្យាថា “ទោះមានរឿងអីយើងនឹងមិនចាកចោលគ្នាទេ”?
៥ ធ្លាប់គិតថាក្រុមនឹងមានអ្នកគាំទ្រច្រើនបែបនេះទេ?

បងនៅជាមួយប្អូនៗ តាំងពីក្រុមរៀបហ្នឹងបង្កើត ហើយបងក៏មានមោទនៈភាព ដែលឃើញសន្ទុះនៃការគាំទ្រចំពោះក្រុមរបស់ប្អូនៗ។ បងក៏​តែងតែសង្ឃឹមថា ក្រុមប្អូន (នឹងក្រុមតន្ត្រីផ្សេងៗទៀត) នឹងបន្តឈរជាគំរូ ក៏ដូចជាកម្លាំងចិត្តអោយប្អូនៗ ជំនាន់ក្រោយអោយមានទឹកចិត្ត និងភាពជឿជាក់ក្នុងការបង្កើតក្រុមតន្ត្រី។ បងសង្ឃឹមថាសមាជិក Mustache Band ទាំងអស់នឹងគិត ហើយរៀនចេះបន្ទាបខ្លួនចំពោះគ្នាទៅវិញទៅមក។ ត្រូវដឹងថា យើងទាំងអស់គ្នានៅមានកាតព្វកិច្ចជាច្រើនទៀត ដើម្បីធ្វើសំរាប់សិល្បះរបស់ប្រទេសយើង។ កុំទាន់ចុះចាញ់ ហើយបន្តដើរទៅមុខជាមួយគ្នា។ ដោយក្តីស្រលាញ់ពីបង សូរិយា»