(ភ្នំពេញ)៖ «អំពើល្អមិនសាបសូន្យ» ជាពាក្យ៦មាត់ ដែលនាយិកាក្រុមហ៊ុន KCR Group គឺលោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ បានប្រកាន់ភ្ជាប់ជារៀងរាល់ថ្ងៃ ដើម្បីចែករំលែកក្តីស្រឡាញ់ ទៅកាន់បុគ្គលខ្វះខាត តាមរយៈការធ្វើជំនួយសប្បុរសធម៌។ ក្រៅពីជាអ្នកជំនួញស្ត្រីកម្ពុជាដ៏ឆ្នើម ជារឿយៗនាយិការូបនេះ ត្រូវបានគេដឹងថា មានភាពសកម្មយ៉ាងខ្លាំង ជាមួយនឹងការងារមនុស្សធម៌។ ជាក់ស្តែង ថ្មីៗនេះទោះជា លោកស្រីរវល់ណឹងការងារក៏លោកស្រីចាត់ក្រុមការងារ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួនជួយដល់លោកយាយទុរគតម្នាក់ ដែលមានវ័យ៩៩ឆ្នាំ ហើយបន្តជួយទំនុកបំរុងលោកយាយរហូតដល់អស់ព្រះជន្ម។

ជាក់ស្តែង បើតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ ដែលត្រូវបានគេដឹងថាជាម្ចាស់សិប្បកម្មរ៉ារី បានបង្ហាញសកម្មភាពជាច្រើន ពីការចុះធ្វើការងារសប្បុរសធម៌ ហើយក្នុងនោះលោកស្រីបានសរសេរសំណេរយ៉ាងដូច្នេះថា «ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នាងខ្ញុំជាអគ្គនាយិកាក្រុមហ៊ុន KCR Group បានចាត់តាំងក្រុមការងារ KCR ចែករំលែកមនុស្សធ៌មជាតំណាង បាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ៤០០ ០០០រៀល ទៅប្រគល់ជូនលោកយាយ សោម ស៊ុន ហៅលោកយាយកក អាយុ៩៩ឆ្នាំ រស់នៅភូមិកោះអណ្តែត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិសាត់»

លោកស្រីបន្ថែមថា «លោកយាយកក គឺជាទុរគតជនម្នាក់ ដែលមានការតស៊ូនៅក្នុងជីវិតណាស់ ពោលគឺលោកយាយ​បានធ្វើអំបោសដែលធ្វើពីស្រកីដូង ហើយក្រងយកទៅលក់នៅតាមតំបន់នានា ពេលខ្លះលោកយាយត្រូវយកទៅលក់តាមខេត្តឆ្ងាយៗ ដូចជាខេត្តបាត់ដំបងក៏មាន ដោយមើលពីការលំបាក និងការតស៊ូរបស់លោកយាយ។ នាងខ្ញុំបានផ្តល់ជាអំណោយផ្សេង ព្រមទាំងថវិកាជូនលោកយាយ ហើយនិងជួយទំនុកបំរុងលោកយាយរហូតដល់លោកយាយអស់ព្រះជន្ម។ អំពើល្អមិនសាបសូន្យ»

ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកស្រី​ កូវ ច័ន្ទសុវណ្ណារិទ្ធ និងក្រុមការងារនៃ KCR Group បានធ្វើកិច្ចការសប្បុរសធម៌ ពោលសឹងតែគ្រប់កន្លែងដែលមានជនខ្វះខាត គឺគេតែងតែឃើញវត្តមានលោកស្រី និងក្រុមការងារ ចុះជួយជាហូរហែរ។ វប្បធម៌ជួយគ្នាទៅវិញទៅមក ក្នុងពាក្យ៦មាត់ «អំពើល្អមិនសាបសូន្យ» នេះ បានធ្វើឲ្យមហាជនសម្តែងនូវការពេញចិត្តជាខ្លាំង។ ជាពិសេស កោតសរសើរចំពោះទឹកចិត្ត លោកស្រី​ កូវ ច័ន្ទសុវណ្ណារិទ្ធ ដែលមានទឹកចិត្តចែករំលែកបែបនេះ និងជូនពរលោកស្រី ឲ្យកាន់តែមានភាពជោគជ័យក្នុងមុខជំនួញផងដែរ៕