(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករនៃក្រុម Tottenham Hotspur ដែលមានខ្សែការពារស្លាបស្តាំ Serge Aurier និងខ្សែបម្រើកណ្តាល Moussa Sissoko បានធ្វើការសុំអភ័យទោសទៅកាន់ក្លិប ក្រោយពួកគេបានលួចហ្វឹកហាត់រួមគ្នា ក្នុងអំឡុងពេលដែលមានវិបត្តិ COVID-19។

បញ្ហារនេះបានកើតឡើង ក្រោយពេលដែលខ្សែការពារស្លាបស្តាំ Aurier បានធ្វើការបង្ហោះវីឌីអូមួយលើបណ្តាញសង្គម ក្នុងពេលដែលធ្វើការហ្វឹកហាត់ដោយបានពាក់ម៉ាស ក្នុងការរត់ ក៏ដូចជាអង្គុយជិតខ្សែម្រើ Sissoko ក៏ប៉ុន្តែសកម្មភាពក្នុងវីឌីអូខាងលើ ត្រូវបានគេលុបចោលទៅហើយ ខណៈគោលការហាមឃាត់នេះត្រូវបានរដ្ឋាភិបាលអង់គ្លេស ចេញសេចក្តីប្រកាសថា ការស្នាក់នៅក្នុងផ្ទះអំឡុងពេលនេះ មានតែការធ្វើលំហាត់ប្រាណតែម្នាក់ឯង និងជាមួយក្រុមគ្រួសាប៉ុណ្ណោះ។

បញ្ហានេះត្រូវបានគេឃើញថា អ្នកចាត់ការទូទៅ Jose Mourinho ក៏មានរូបភាពហ្វឹកហាត់រួមគ្នាជាមួយ Tanguy Ndombele ក្នុងសួនច្បារនាទីក្រុងឡុងដ៍ គ្រាដែលសមាជិកក្រុម កីឡាករ Rsessegnon និង Davinson Sanchez ក៏ត្រូវបានគេមើលឃើញបាននៅជិតគ្នាផងដែរ៕