(ម៉ៃអាមី)៖ Inter Miami ដែលត្រូវបានគេស្គាល់ថា ជាក្លិបរបស់អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham បានកំពុងពិចារណាទិញយកកីឡាករខ្សែបម្រើប្រយុទ្ធ James Rodriguez នៃក្លិបអេស្ប៉ាញ Real Madrid។ នេះបើយោងតាមការចេញផ្សាយដោយ Marca នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះ។

ក្រុមមកពីលីគ MLS របស់អាមេរិក Inter Miami CF ដែលក្លិបស្ថិតក្រោមការគ្រប់គ្រងដោយលោក David Beckham បានចួលរួម​ក្នុងចំណោមក្លិបដទៃទៀត ក្នុងការស្វែងរកកិច្ចព្រមព្រៀមជាមួយក្លិប Real Madrid ខណៈខ្សែបម្រើប្រយុទ្ធ អន្តរជាតិកូឡុំប៊ីខាងលើនេះនឹងផុតកំណត់កិច្ចសន្យាជាមួយ Real នៅឆ្នាំ២០២១ ដែលកំពុងស្ថិតក្នុងភាពត្រដាបត្រដួសជាខ្លាំង ក្រោមការដឹកនាំរបស់លោក Zinedine Zidane នោះ។

ជុំវិញការចាប់អារម្មណ៍នេះក៏ត្រូវបានលោក Beckham ធ្វើការទាក់ទងទៅកាន់ប្រធានក្លិប Real Madrid លោក Florentino រួចហើយដែរក្នុងការពិភាក្សាស្វែងរកកិច្ចព្រមព្រៀងចំពោះ James ដែលនេះក៏ជាការប្រជែងមួយរវាងក្រុមមកពី Premier League, Serie A ទៅលើការនាំយកខ្សែបម្រើប្រយុទ្ធវ័យ ២៨ឆ្នាំ សញ្ជាតិកូឡុំប៊ី តែពេលវេលាគ្រប់យ៉ាងនាទឹកដីអេស្ប៉ាញ នឹងអាចសម្រេច​បាននៅចុងបញ្ចប់រដូវក្តៅនេះ៕