(បរទេស)៖ ក្រោយពីមានពាក្យចចាមអារាមជាច្រើន បានសាយភាយពេសពេញបណ្តាញសង្គមថា ក្រុមតារាចម្រៀងស្រី K-POP គឺ BLACKPINK នឹងមានវត្តមាននៅក្នុងអាល់ប៊ុមថ្មីទី៦ របស់ Lady gaga ដែលមានចំណងជើងថា «CHROMATICA» នោះ ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តនឹងដំណឹងនេះយ៉ាងខ្លាំង។ តែដំណឹងនេះ មិនមានការបញ្ជាក់ពី Lady gaga ឬ ផលិតកម្ម YG ទេ ដូច្នេះអ្នកគាំទ្រមានតែទន្ទឹងរង់ចាំ ការបញ្ចេញអាល់ប៊ុមនេះជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ប៉ុណ្ណោះ។ យ៉ាងណាមិញ ដោយសារតែការឆ្លងរាតត្បាតនៃ Covid-19 ធ្វើឲ្យអាល់ប៊ុមថ្មី «CHROMATICA» ត្រូវពន្យាពេលគ្មានការកំណត់។

ជាការនឹកស្មានមិនដល់ វេបសាយទីផ្សារអន្តរជាតិមួយដែលមានឈ្មោះថា «Target» នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានបញ្ចេញតារាងចំណងជើង បទចម្រៀងនៅក្នុងអាល់ប៊ុមថ្មីទី៦ «CHROMATICA» របស់ Lady gaga ហើយក្នុងនោះ បទចម្រៀងលេខរៀងទី១០ មានចំណងជើងថា «Sour Candy» បានបញ្ជាក់ថា មានការសហការណ៍ច្រៀងជាមួយនឹង BLACKPINK។

គ្រាន់តែឃើញដំណឹងនេះភ្លាម អ្នកគាំទ្រទូទាំងពិភពលោក របស់ BLACKPINK និង LADY GAGA បានបង្ហាញអារម្មណ៍រំភើបត្រេកអរយ៉ាងខ្លាំង ព្រោះអ្វីដែលពួកគេ រំពឹងទុកក្លាយជាការពិត និងរង់ចាំការបញ្ចេញចម្រៀងថ្មីនេះ ជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ តែកាលបរិច្ឆេទអាចនឹងប្រែប្រួលទៅតាមភាពជាក់ស្តែង។ លើសពីនេះទៀត អ្នកគាំទ្ររបស់កំពូលតារាចម្រៀងអាមេរិក Lady gaga បាននិយាយថា Lady gaga នឹងមានគម្រោងសម្តែងជាមួយ BLACKPINK នៅលើឆាកដ៏ធំ Coachella តែវាបានស្ងាត់ទៅវិញ ដោយសារតែការរាតត្បាតនៃជំងឺCovid19។

សូមបញ្ជាក់ថា នេះគឺជាការសហការណ៍ចេញចម្រៀង ជាមួយតារាអន្តរជាតិលើកទី២ហើយរបស់ BLACKPINK ដោយលើកទី១ ជាមួយតារាចម្រៀងស្រី Dua Lipa មានចំណងជើងថា «Kiss and Makeup»។