(ភ្នំពញ)៖ យុវជនពិការភ្នែកមួយរូប គឺលោក យឿន ពិសី ត្រូវបានគេដឹងថា ជាម្ចាស់ពានក្នុងកម្មវិធីលំដាប់ពិភពលោក «Cambodia’s Got Talent» រដូវកាលទី១ ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស។ ព្រោះតែស្រឡាញ់សិល្បៈ ទោះជាពិការភ្នែក ប៉ុន្តែ យឿន ពិសី នៅតែមានសង្ឃឹម តស៊ូបញ្ចេញស្នាដៃចម្រៀង ក្នុងកម្មវិធី «Cambodia’s Got Talent» រហូតទទួលបានជ័យលាភី។ យ៉ាងណាមិញ មហាជនហាក់សម្តែងការខកចិត្ត បន្ទាប់ពីសង្កេតឃើញថា ក្រោយទទួលជ័យលាភី យឿន ពិសី មិនមានសមិទ្ធផលអ្វី ក្នុងផលិតកម្មហង្សមាសទាល់តែសោះ និយាយរួម គឺស្ងាត់ឈឹងតែម្តង។ ទន្ទឹមគ្នានេះ យឿន ពិសី បានបង្វែរទៅបង្កើត Youtube ផ្ទាល់ខ្លួន និងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។

តារាចម្រៀង យឿន ពិសី មានទេពកោសល្យច្រៀង ជាមួយទឹកដមពិរោះរណ្តំចិត្ត ចេះភ្លុំខ្លុយយ៉ាងក្រឡួច ឆក់បេះដូងមហាជនស្ទើរទូទាំងប្រទេស ហើយមានភាពតស៊ូជាច្រើនក្នុងជិវិត ក្នុងនាមជាមនុស្សពិការភាព។ យឿន ពិសី បានថ្លែងប្រាប់ Fresh News និង Khmer Talking តាមរយៈទូរស័ព្ទយ៉ាងថា ចាប់តាំងពីទទួលជ័យលាភីក្នុងកម្មវិធី «Cambodia’s Got Telent» មក មានទស្សនិកជនជាច្រើន ដែលស្គាល់លោក ហើយបានហៅទៅច្រៀងជាហូរហែរ។ ភាគច្រើន គឺមមាញឹកខ្លាំងតែការចេញច្រៀង និងលេងតន្រ្តីតាមរោងការនៅខេត្តប៉ុណ្ណោះ ប៉ុន្តែបើខាងទូរទស្សន៍វិញ គឺមិនសូវមានគេហៅទៅច្រៀងនោះទេ និយាយទៅស្ងាត់តែម្តង។

និយាយដល់ចំណុចនេះ យឿន ពិសី បានសង្កត់ធ្ងន់ថា ចាប់តាំងពីបានជ័យលាភីមក ក្នុងស្ថានីយទូរទស្សន៍ហង្សមាស គឺមិនសូវមានវត្តមានលោកទេ និយាយទៅយូរៗមានមួយពីរ...។ ជាម្ចាស់ពានរង្វាន់នឹងគេដែរ ប៉ុន្តែយឿន ពីសី បានបន្ថែមថា រយៈពេល៥ឆ្នាំ ដែលទទួលបានជ័យលាភី លោកពុំទាន់មានសមិទ្ធផលអ្វី ក្នុងផលិតកម្មហង្សមាសនោះទេ។ ខាងផលិតកម្ម គឺទាក់ទងមក តែពេលត្រូវហៅឡើងច្រៀងម្តងម្កាលប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីការចេញបទចម្រៀងឬការងារផ្សេងៗ គឺអត់មានតែម្តង។

ដោយសារតែស្ងាត់ មិនត្រូវបានគេទាក់ទងឡើងច្រៀងតាមទូរទស្សន៍ ដូចតារាដទៃទៀត យឿន ពិសី បានបង្វែរទៅបង្កើតជាផេក និង Youtube ផ្ទាល់ខ្លួនវិ​ញ។ ព្រោះគិតថា វាទូលំទូលាយ ងាយស្រួលសម្រាប់ហ្វេនៗ ដែលនិយាមគាំទ្រចម្រៀងរបស់លោក ក្នុងការស្តាប់ចម្រៀងរបស់លោក។ ក្នុងបណ្តាញសង្គមនេះ លោកបានឃូវើចម្រៀងមរតកដើម ដោយការយកមកច្រៀងឡើងវិញ ហើយពេលខ្លះក៏ចម្រៀងភ្លុំខ្លុយ បញ្ចេញទេពកោសក្យ ឲ្យមហាជនបានស្តាប់កំសាន្ត។ លោកថា ពិតជាសប្បាយចិត្តរកអ្វីនិយាយពុំបាន ពេលដែល Youtube របស់លោកមានអ្នកស្គាល់ និងចូលស្តាប់ច្រើន ដែលនេះជាកំលាំងចិត្តដ៏ធំមួយ សម្រាប់រូបលោកក្នុងការប្រឡូកនឹងវិស័យសិល្បៈ។

គួរជម្រាបថា យឿន ពិសី ជា​សិស្ស​រៀន​នៅ​សាលា​អង្គការ​កុមារ​ពិការភ្នែក និង​គរ​ថ្លង់​គ្រួសារ​ថ្មី ខេត្តកំពង់ចាម ហើយកើត​ក្នុង​គ្រួសារ​ដែលមាន​កូន៧នាក់។ ពិសី ​មាន​ភ្នែក​ពិការ​តាំងពី​កំណើត​ដូចជា​បងប្រុស​របស់ខ្លួន​ផងដែរ។ រំលឹកទៅការប្រឡង «Cambodia’s Got Talent» នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ យឿន ពិសី បាន​បកស្រាយ​បទ «កំពូលភ្នំ​ស្រួច» ហើយ​ទទួលបាន​នូវ​ការផ្ញើរ​សារ​គាំទ្រ​លើសគេ​ក្នុងចំណោម​បេក្ខជន​ដែល​ចូលរួម​ប្រជែង​ក្នុង​សប្តាហ៍​របស់ខ្លួន។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ គេ​បាន​បកស្រាយ​បទ​ចម្រៀង ​ដែល​រៀបរាប់​ពី​រឿងរ៉ាវ​ពិត​របស់ខ្លួន។ ចំណាត់ថ្នាក់​លេខ​មួយ នាំ​ឲ្យ យឿន ពិសី ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១០០លាន​រៀល៕