(ថៃ)៖ ភាពភ័យខ្លាចមិនប្រាកដប្រជា និងភាពអស់សង្ឃឹម ដែលកំពុងកើតឡើងក្នុងសម័យវីរុសកូរ៉ូណានេះ តម្រូវឲ្យប្រជាជនប្រទេសថៃ​​ជាច្រើនរូបពុំខ្លាចពីរអារពីបញ្ហាសុខភាព ត្រូវនាំគ្នាមកឈរតម្រង់ជួររាប់រយម៉ែត្រ រង់ចាំរយៈពេលជាច្រើនម៉ោងនៅក្នុងតំបន់ «China Town» ដើម្បីធ្វើការដោះដូរគ្រឿងអលង្ការបស់ពួកគេជាសាច់ប្រាក់ ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN នាពេលថ្មីៗនេះ។

នៅក្នុងនោះមានភាគតិចណាស់ដែលមានគម្រោងចង់ដោះដូរ ដើម្បីទទួលបានប្រាក់ចំណេញ ប៉ុន្តែភាគច្រើនគឺតម្រូវលក់សូម្បីតែរបស់បន្សល់ទុកចុងក្រោយរបស់ពួកគេ ដើម្បីដោះទុក្ខនាគ្រាអាសន្នចាំបាច់មួយនេះ។

លោកស្រី Thitirat Boontaweesukra បានឲ្យដឹងថា ការសម្រេចចិត្តយករបស់មានតម្លៃមកធ្វើការដោះដូរជាសាច់ប្រាក់នេះ ពុំមែនជារឿងងាយស្រួលទេ ដោយថែមទាំងវាជាវត្ថុតាងគ្រឿងអលង្ការប្រចាំគ្រួសាររបស់លោកស្រី ដែលបន្សល់ទុកជាច្រើនទសវត្សមកហើយនោះ។ ជាការពិតណាស់​លោកស្រីបានប្រាប់ឱ្យដឹងថា ខ្លួនមានបំណងចង់ប្រគល់សម្បិត្តិនេះបន្តទៅឲ្យក្មេងជំនាន់ក្រោយ ប៉ុន្តែដោយស្ថិតក្នុងកាលៈទេសៈលោកពិតជាគ្មានជម្រើសឡើយ។

សម្រាប់ជនជាតិថៃ មាសគឺជានិមិត្តរូប និងហិរញ្ញវត្ថុសំខាន់មួយ សម្រាប់វប្បធម៌របស់ពួកគេ ដែលវាតំណាងចំពោះការខិតខំសន្សំសន្សំប្រាក់ ពុំមានគម្រោងក្នុងការចំណាយរបស់ពួកគេ សម្រាប់ការទិញសម្បិត្តិអស់ទាំងនេះទុក។ ប្រជាជនថៃភាគច្រើនឲ្យតម្លៃលើមាស ច្រើនជាងក្រដាសប្រាក់រូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ខ្លួនទៀតផង ដោយយល់ថា វាជាសម្បិត្តិដែលអាចអភិរក្សដើមទុនបានក្នងកំឡុងគ្រាមានអាសន្ន។

ជំងឺរាតត្បាតដែលកំពុងនឹងរីករាលដាលពាសពេញផ្ទៃប្រទេស បានផ្ដល់ផលប៉ះពាល់ទៅគ្រប់ផ្នែកនៃសង្គម វាបានក្លាយជាការគំរាមកំហែង ចំពោះវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំងក្នុងសតវត្សរ៍នេះ ដោយសារអាជីវកម្មជាច្រើនត្រូវបិទទ្វារ និងមនស្សរាប់លាននាក់អត់ការងារធ្វើ។

លោក Jitti Tangsithpakdi ជាប្រធានសមាគម ពាណិជ្ជករនៃផ្នែកនេះបានឲ្យដឹងថា បរិមាណសន្ទុះនៃការដោះដូរមាសនៅលើផ្លូវយ៉ាវរ៉ាត់ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ អាចនឹងកើនឡើងដល់រាប់ពាន់លានដុល្លារ។ លោកក៏បានមានប្រសាសន៍បន្ថែមថា «ខ្លួនលោកពុំដែលប្រទះនឹកស្មាននឹងការកើនឡើងបែបនេះឡើយ ដោយក្នុងរយៈពេលប្រកបអាជីវកម្មជាង ៦០ឆ្នាំមកនេះ លោកមិនដែលប្រទះនឹងវត្តមានមនុស្សជាច្រើន មកឈរតម្រង់ជួរដើម្បីធ្វើការលក់មាសនោះទេ»

យ៉ាងណាមិញទាក់ទងទៅនឹងការប្រញាប់ប្រញាល់ ប្រមូលផ្ដុំលក់មាសស្ទើរតែគ្រប់ទិសទីនោះ វាបានធ្វើឲ្យអាជីវកម្មហាងមាស​ជាច្រើនកន្លែងត្រូវបានបិទទ្វារ ដោយសារកង្វះខាតបញ្ហាសាច់ប្រាក់ដូចគ្នា។ លោកបានមានប្រសាសន៍បន្តថា «វាក៏បង្ករជាបញ្ហារួមជាមួយផងដែរ នៅពេលដែលមនុស្សនាំគ្នាសម្រុកមក ដើម្បីធ្វើការលក់មាសទាំងអស់គ្នានោះ»។ គ្រប់បណ្ដាលប្រទេសទាំងអស់កំពុងប្រឈមមុខ​នឹងវិបត្តិពីការកើតឡើងនៃវីរុសនេះ។ ការបិទព្រំដែន និងជើងហោះហើរ ក្រុមហ៊ុនអាកាសចរណ៌នានាទូទាំងសកលលោក វាបង្ករផលលំបាកយ៉ាងខ្លាំង ក្នុងការនាំចេញសម្បិត្តិមាសរបស់យើងទៅកាន់ក្រៅប្រទេស។

ក្រុមអ្នកវិភាគព្យាករបានឲ្យដឹងថា ហាងឆេងមាសនឹងកើនឡើងតម្លៃថ្មីខ្ពស់សារជាថ្មីម្តងទៀត នាពេលខាងមុខនេះ។ នាបច្ចុប្បន្ននេះទីផ្សារហិរញ្ញវត្ថុបានកំពុងនឹងស្ថិតក្រោមសម្ពាធប្រែប្រួលយ៉ាងខ្លាំង ដោយគ្មានទីបញ្ចប់កំណត់ច្បាស់លាស់នៅឡើយទេ។ ជាក់ស្ដែង​នាកំឡុងរយៈកាលហានិភ័យបែបនេះកើតឡើងគេយល់ឃើញថា វាជាកាលៈទេសៈល្អបំផុតក្នុងការប្រើប្រាស់មាស ដើម្បីទប់ទល់ដោះស្រាយនឹងគ្រាអាសន្នមួយនេះ៕