(ភ្នំពេញ)៖ តារាចម្រៀងមានរូបសម្រស់ស្រស់ផូរផង់ ​របស់ផលិតកម្ម សាន់ដេ តារាចម្រៀងស្រីស្រស់កញ្ញា សុខ ពិសី ថ្មីៗនេះ នាងបានចេញនូវបទចម្រៀងរបស់ខ្លួនមួយបទ មានចំណងជើងថា «លះបង់» ខណៈបទចម្រៀងមួយនេះ គឺបង្ហាញពីការលះបង់មនុស្សជាទីស្រឡាញ់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវ ​កំពុងរាតត្បាតទូទាំងសាកលលោក គឺជំងឺកូវីដ១៩ ពោលគឺនាងត្រូវឃ្លាតឆ្ងាយពីស្វាមី ដោយសារនាងមានស្វាមីជាគ្រូពេទ្យ ដែលមានតួនាទីសំខាន់បំផុត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩។

ពិតណាស់ សម្រាប់បទចម្រៀងមានសម្រស់គួរជាទីគយគន់ សុខ ពិសី ដែលទើបនឹងបញ្ចេញកាលពីម្សិលមិញនេះ មានចំណងជើងថា «លះបង់» កំពុងទទួលបានការគាំទ្រពីទស្សនិកជនខ្លាំង ទាំងកាយវិកា និងអត្ថន័យ។ បទនេះគឺបានបង្កប់អត្ថន័យយ៉ាងសំខាន់ ពាក់ព័ន្ធនឹងវីរុសកូវីដ១៩ ពោលគឺរៀបរាប់ពី​ការលះបង់របស់ភរិយា ដែលមានស្វាមីជាគ្រូពេទ្យ ក្នុងកាលៈទេសៈកូវីដ១៩ គ្រូពេទ្យគឺមានតួនាទីសំខាន់បំផុត ក្នុងការបំពេញកាតព្វកិច្ច ចូលរួមប្រយុទ្ធប្រឆាំង និងព្យាបាលអ្នកដែលមានផ្ទុកជំងឺកូវីដ១៩ ឲ្យជាសះស្បើយ ដែលភារកិច្ចដ៏សំខាន់ដើម្បីប្រទេសជាតិ។

មួយវិញទៀត ទឹកចិត្តជាភរិយា ទោះបីមានក្ដីស្រឡាញ់ធំធេងចំពោះស្វាមីខ្លាំង និងមិនចង់ឲ្យស្វាមីឃ្លាតឆ្ងាយពីខ្លួន ព្រោះខ្លាចផ្ទុកជំងឺមកផ្ទះវិញក៏ដោយ ក៏មិនអាចក្លាយជាមនុស្សអាត្មានិយម ឱបប្ដីទុក និងដាក់បម្រាមស្វាមី មិនឲ្យបំពេញតួនាទីរបស់ខ្លួន ខណៈប្រទេសជាតិកំពុងត្រូវការគ្រូពេទ្យបំផុតនោះទេ។ ដោយសារតែការលះបង់ បង្ខំចិត្តឃ្លាតឆ្ងាយគ្នាមួយរយៈ ព្រោះស្វាមីជាគ្រូពេទ្យ ត្រូវខិតខំបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ចុងក្រោយពួកគេទាំងពីរ ក៏បានត្រឡប់រួមរស់ជាមួយគ្នាដូចដើមវិញ។ ត្រឡប់មក​បទចម្រៀង «លះបង់» ជាការបង្ហាញពីយុទ្ធនាការមួយ ដើម្បីជាការចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ ១៩ផងដែរ៕