(ភ្នំពេញ)៖ តារាចម្រៀងមាន​ដើមកំណើត មកពីទឹកដីខេត្តតាកែវ កញ្ញា តន់ ច័ន្ទ​សីម៉ា បានបង្ហាញមហិច្ឆតាធំរបស់ខ្លួនមួយទៀត ​នៅក្នុងជីវិត​ជាអ្នកសិល្បៈ គឺការបោះជំហានក្លាយជាតារាសម្ដែងអាជីព​ បន្ទាប់ពី​វិស័យចម្រៀងរបស់នាង ទទួលបានផ្លែផ្កា គួរជាទីមោទនៈ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រោយមានទ្រនំជ្រកច្បាស់លាស់ ក្នុងផលិតកម្ម Galaxy Navatra។

តារាចម្រៀងស្រីរាងតូចច្រឡឹង មានប្រវត្តិចេញពីអ្នកចម្រៀងអាយ៉ៃ យីកេ ក្នុងទឹកដីខេត្តតាកែវ ​ចូលមកដល់​​ឆ្នាំ ២០២០ នេះភ្លាម នាងហាក់​ទទួល​បាន​ការ​ផ្ចុងផ្ដើម​​យ៉ាង​ខ្លាំង ពី​ផលិតកម្ម Galaxy Navatra ហើយបានផ្ទុះ​ខ្លាំង​តាម​រយៈ​បទ​និពន្ធ​ដោយ លោកឧកញ៉ា ឡេង ណាវ៉ាត្រា មាន​ចំណង​ជើង​ថា «ឡាន​ស៊ី​រ៉ែន» ដែល​បទ​នេះ មាន​ទាំង​តារា​ថៃ​ជា​ច្រើន​នាក់​ បាន​យក​ទៅ​ច្រៀង​តាម (Cover) ទៀតផង។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​បទ​ចម្រៀង​ល្បីៗជា​ច្រើន​ទៀត ​​ជាស្នាដៃនិពន្ធដោយលោក យឹម តាស្រង់ ដែលទាំង​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា តន់ ច័ន្ទ​សីម៉ា កាន់​តែ​រឹងមាំ​ក្នុង​អាជីព​ចម្រៀង។

ទាំងអស់នេះ គឺ​ជា​ពេល​ដែល ​តន់ ច័ន្ទ​សីម៉ា អាច​ងាក​ទៅ​គិត​ពង្រីក​សមត្ថភាព​សិល្បៈ​របស់​នាង​បន្ថែម ពោល​គឺ​ដូច​ដែល​នាងបានបង្ហាញមហិច្ឆតា​​ ចង់​ក្លាយ​ជា​តារា​សម្ដែង​ភាពយន្ត​​ល្បីម្នាក់ ​នា​ពេល​ខាង​មុខ។ តន់ ច័ន្ទ​សីម៉ា និយាយថា ពី​ដំបូង​នាង​ប្រឹង​ធ្វើ​យ៉ាង​ណា ដើម្បី​សម្រេច​ក្ដី​សុបិន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព ហើយ​ឥឡូវ​នាង​ធ្វើ​បាន​ហើយ ក្រោយ​ពី​បាន​ក្លាយ​ជា​តារា​ចម្រៀង​ កុងត្រា​របស់​ផលិតកម្ម Galaxy។ បន្ទាប់​មក​ទៀត អ្វី​ដែល​នាង​ប៉ង​នៅ​ក្នុង​អាជីព​សិល្បៈ​ដែរ​នោះ គឺ​ការសម្ដែង​ភាពយន្ត។​ នាង​ចង់​វិវត្ត​ខ្លួន​ទៅ​ជា​តារា​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ថែម​ទៀត ព្រោះ​ថា ជា​អ្នក​សិល្បៈ​គួរ​តែ​មាន​ជំនាញ​ច្រើន ទើប​ប្រសើរ។

ជាមួយនឹងគោលបំណងធំថ្មី​នេះ តន់ ច័ន្ទ​សីម៉ា ​សង្ឃឹម​ថា នៅ​ពេល​ខាង​មុខ ផលិតកម្ម Galaxy របស់​នាង អាច​នឹង​បន្ថែម​ការ​ផលិត​កុន​​ ពី​លើ​ការ​ផលិត​បទចម្រៀង ដែល​សម្រុក​ចេញ​ស្ទើរតែរកពេលសម្រាកគ្មានបែបនេះ។ ប្រសិន​បើ​ដល់​ពេល​នោះ ត្បិត​ថា មិន​ទាន់​ដឹង​ថា នរណា​ខ្លះ​អាច​ទទួល​ឱកាស ប៉ុន្តែ​នាង​ថា ជា​តារា​ចម្រៀង​ម្នាក់​របស់​ផលិតកម្ម អាច​នឹង​មាន​ការ​ឱកាស​ច្រើនជាងគេ ក្នុងការចូលរួមសម្ដែងភាពយន្ត ហើយនាងនឹងតាំងចិត្តធ្វើទាំងមិនអល់អែក ដើម្បីសម្រេចបំណង​។ ​

សូមបញ្ជាក់ថា តន់ ច័ន្ទសីម៉ា ​​បាន​ចុះ​កុងត្រា​រយៈ​ពេល ៥​ឆ្នាំ​ជាមួយ​ផលិតកម្ម Galaxy កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៩។ ការ​វិវត្តន៍​ខ្លួន​ពី​តារា​ចម្រៀង​ឯករាជ្យ មក​ជា​តារា​ចម្រៀង​មាន​ទ្រនំ​ច្បាស់​លាស់ បាន​នាំ​ឲ្យ​មាន​ការ​រំពឹង​ទុក​ថា នាង​នឹង​លេច​ធ្លោ​កាន់​តែ​ខ្លាំង​​។ ជាក់​ស្ដែង នៅពេលនេះ នាង​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​កំពុង​សិ្ថត​នៅ​ក្នុង​កម្រិត​​ជា​តារា​ចម្រៀង​អាជីព ដ៏​មាន​ទេពកោសល្យ​ម្នាក់៕