(លីវើភូល)៖ ក្លិបហង្សក្រហម Liverpool នឹងទទួលបានតារាងជើងស៊ុត Timo Werner របស់ RB Leipzig ប្រសិនបើហ៊ានចំណាយ ៥២លានផោន ដើម្បីផ្តាច់កិច្ចសន្យាជាមួយក្លិបអាល្លឺម៉ង់ ស្របពេលដែលកំពុងចរចាជាមួយ Willian ផងដែរដែលជិតផុតកិច្ចសន្យាជាមួយតោខៀវ Chelsea នៅបំណាច់រដូវកាលនេះ។

កីឡាករអាល្លឹម៉ង់ Werner មានកិច្ចសន្យាចាស់ជាមួយ RB Leipzig រហូតដល់ឆ្នាំ២០២៣ ត្រូវបានក្លិបអង់គ្លេស Liverpool ចាប់អារម្មណ៍កាលពីខែកុម្ភៈ ឆ្នាំ២០២០ មកម្ល៉េះ ជាមួយទម្រង់លេងដែលបានជួយឲ្យក្រុមអាល្លឺម៉ង់ខាង លើឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៃ UEFA Champions League រដូវកាលនេះទៀតផង បន្ទាប់ពីចាកចេញពីក្លិបរួម Bundesliga, Stuttgart កាលឆ្នាំ២០១៦។

សម្រាប់ខ្សែបម្រើប្រយុទ្ធ Willian វិញ នឹងផុតកំណត់កិច្ចសន្យាចាស់របស់គេនៅទឹកដី Stamford Bridge នារដូវកាលនេះ ហើយរូបគេក៏មានបំណងតកិច្ចសន្យា ៣ឆ្នាំទៀតដែរ តែក្រុមរបស់លោក Frank Lampard បានត្រឹមជម្រើសទី២ តែប៉ុណ្ណោះដែលធ្វើឲ្យកីឡាករប្រេស៊ីលខាងលើនេះ ងាកទៅចរចាជាមួយ Liverpool វិញ។

បុរសវ័យ ៣១ឆ្នាំ Willian មិនមានបំណងលេងឲ្យក្លិបណាមួយក្រៅពី Premier League ដែលរូបគេបានចាប់ផ្តើមលេងពីឆ្នាំ២០១៣ មកឡើយ ហើយការចរចាជាមួយក្រុមជើងឯកអឺរ៉ុប Liverpool ក៏កំពុងព្រឹត្តទៅដោយរលូនទៀតដែរ ស្របពេល Chelsea ជិតយកបានខ្សែបម្រើដូចគ្នា Philippe Coutinho មកពី FC Barcelona ផងនោះ៕