(ភ្នំពេញ)៖ ក្រោយសម្រេចលើកពេលរៀបចំទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ទៅឆ្នាំ២០២១ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏បានសម្រេចលើកព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពខ្មែរ នៅខេត្តសៀមរាប ទៅឆ្នាំក្រោយផងដែរ ដោយសារការបារម្ភពីការរាតត្បាតជំងឺកូវីដ-១៩ (Covid-19)។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ការសម្រេចផ្អាករៀបចំឆ្នាំនេះ ដោយសារកម្ពុជា និងពិភពលោកកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅឡើយ។ ម្យ៉ាងក៏មានសំណូមពរពីអត្តពលិកជាតិ និងអន្ដរជាតិ ក្នុងការគាំទ្រឲ្យមានការលើកពេលទៅឆ្នាំក្រោយដែរ ដ្បិតពួកគេសុទ្ធតែយល់ពីស្ថានភាពបច្ចុប្បន្ន។

យ៉ាងណាមិញ សម្រាប់អត្តពលិកជាតិ និងអន្ដរជាតិដែលបានចុះឈ្មោះ និងបង់ថវិការួចរាល់ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍កីឡា និងទេសចរណ៍ខាងលើហើយ គណៈកម្មការនឹងរក្សាទុក រហូតដល់ព្រឹត្តិការណ៍រៀបចំឡើងវិញ ដូចការកំណត់ក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិដែរ។ នេះបើតាមការបន្ថែមរបស់រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ។

គួរដឹងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពខ្មែរ បានរៀបចំ ៦លើករួចមកហើយ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ជីវភាពប្រចាំរបស់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មតូច-ធំ នៅខេត្តសៀមរាប ក្នុងរដូវភ្លៀវ ដែលជារដូវធ្លាក់ចុះភ្ញៀវទេសចរ។ គេចាំបានថា កាលពីឆ្នាំ២០១៩ ព្រឹត្តិការណ៍រត់ចម្ងាយ ៤២គីឡូម៉ែត្រនេះ មានអ្នកចូលរួមរត់ជិត ៤,០០០នាក់ឯណោះ៕