(បរទេស)៖ លោកស្រី Kumiko Okae ដែលជាតារាសម្តែងដ៏ល្បីរបស់ជប៉ុនបានទទួលមរណភាព នៅថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ នៅមន្ទីពេទ្យមួយកន្លែង ក្នុងទីក្រុងតូក្យូ ដោយសារតែជំងឺរលាកសួតបង្កដោយវីរូសកូរ៉ូណា។ លោកស្រី បានទទួលមរណភាពក្នុងវ័យ ៦៣ឆ្នាំ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Japantimes នៅថ្ងៃទៅ២៤ ខែមេសា ឆ្នាំ២០២០។

លោកស្រី Okae ដែលមានឈ្មោះពិតហៅថា Kumiko Owada ចាប់ផ្តើមមានអាការៈគ្រុនក្តៅ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។ ៣ថ្ងៃក្រោយមក លោកស្រីត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ ហើយក្រោយមកស្ថានភាពជំងឺរបស់លោកស្រីកាន់តែវិវត្តន៍ធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់ ពីការិយាល័យគ្រប់គ្រងលោកស្រីផ្ទាល់។ លោកស្រី ត្រូវបានក្រុមគ្រូពេទ្យព្យាបាលភ្លាមៗ ដោយដាក់ឧបករណ៍ជំនួយការដកដង្ហើម។ បន្ទាប់មកក៏បានធ្វើតេស្ត និងរកឃើញថាវត្តមានចំពោះកូវីដ១៩។

គួរជម្រាបថា លោកស្រី Kumiko Okae បានបង្ហាញខ្លួនក្នុងនាមជាតារាសម្តែង តាំងពីអំឡុងឆ្នាំ១៩៧៥ មកម្ល៉េះ។ ក្រៅពីជាតារាសម្តែងភាពយន្តដ៏មានប្រជាប្រិយភាព លោកស្រីក៏មានវត្តមាន ក្នុងកម្មវិធីកំសាន្តរបស់ជប៉ុន «Renso Game» ផងដែរ។ លោកស្រីត្រូវបានគេដឹងថា ជាពិធីការិនីក្នុងកម្មវិធីព័ត៌មានពេលព្រឹក ដែលមានឈ្មោះថា «Hanamaru Market» ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៤។

ស្វាមីរបស់លោកស្រី មានឈ្មោះថា Baku Owada មានវ័យ៦៩ឆ្នាំ ហើយកូនស្រីច្បងរបស់លោកស្រី គឺជាតារាសម្តែងមានឈ្មោះថា Miho Owada មានវ័យ ៣៦ឆ្នាំ។ លោក BaKu Owada និងកូនស្រីបានស្នាក់នៅក្នុងផ្ទះ ចាប់តាំងពីលោកស្រី Okae ទៅព្យាបាលនៅមន្ទីពេទ្យ។ ហើយឪពុកកូនទាំងពីរនេះ មិនមានរោគសញ្ញាកូវីដ១៩ទេ៕